ខ្ញុង តារាកំប្លែងស្រីមានប្រជាប្រិយភាព និងមានទេពកោសល្យខ្ពស់ ព្រោះក្រៅពីកំប្លែងនាងក៏ជាតារាសម្តែង និងអ្នកចម្រៀងមួយរូបផងដែរ។ ជាធម្មតាយើងតែងឃើញអ្នកនាង ខ្ញុង ជាមួយលោក កៃដរ បង្ហាញភាពស្និទ្ធស្នាលគ្នា និងហៅគ្នាជាប្តីប្រពន្ធប៉ុន្តែយើងមិនដែលឮពួកគាត់និយាយពីគម្រោងរៀបការនោះឡើយ ដោយគ្រប់គ្នាគិតថាអ្នកទាំងពីរមានវ័យជ្រេ ម្យ៉ាងអ្នកនាងខ្ញុងក៏ជាស្រីមេម៉ាយផងដែរ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានបង្ហោះរូបគំរូធៀបការពណ៌ក្រហមឆ្អិនឆ្អៅ ដោយប្រកាសពីការរៀបការតាមប្រពៃណីរបស់នាង និង កៃដរ ដោយ ខ្ញុង បានធ្វើការលាក់នូវកាលបរិច្ឆេទនៃការរៀបការ ប៉ុន្តែក៏ត្រូវបានឃើញថា ខ្ញុង អាចនឹងត្រូវចូលរោងការនៅខែសីហា ខែក្រោយនេះ។

ដោយ ខ្ញុង បានសរសេរសាររៀបរាប់ថា៖ «ចាប់តាំងពីដឹងក្តីចេះប្រើជីវិតឯកជនមក គឺមានភាពលំបាក ជូរចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើបាប ជួបអស់ហើយ តែខ្ញុំក៏នៅតស៊ូជំនះព្រហ្មលិខិតបានរហូតដល់ថ្ងៃនេះ ព្រោះខ្ញុំតែងជឿជាក់លើអំពើល្អដែរខ្ញុំបានសាង។ ខ្ញុំក៏សង្ឃឹមថាមនុស្សដែលខ្ញុំនឹងផ្ញើរវាសនាពាក់កណ្តាលជីវិតអោយគាត់មើលថែនោះ នឹងយល់ច្បាស់ពីភាពឈឺចាប់ដែលខ្ញុំធ្លាប់ជួបកន្លងមក និងមិនអោយខ្ញុំជួបរឿងដដែលៗក្នុងជីវិតចឹង។ ខ្ញុំគិតថាគាត់នឹងចេះអាណិត ស្រលាញ់ យោគយល់ អោយតំលៃ អត់អោន អធ្យាស្រ័យ និងជាមនុស្សមានការទទួលខុសត្រូវខ្ពស់ ជាមនុស្សដែលរឹងមាំ ដើម្បីជាក្តីសង្ឃឹមអោយខ្ញុំនិងកូន។ អគុណម៉ាក់ក្មេកនិង បងប្អូនថ្លៃ ដែលស្រលាញ់និងអោយតំលៃខ្ញុំ សូមអោយគ្រួសារមួយនេះថិតថេរហូតទៅ (ថ្ងៃដែលរង់ចាំ)»៕