ទោះបីជាវិស័យអប់រំនៅកម្ពុជាមានការរីកចំរើន កុមារា កុមារី យុវជន យុវតី ស្ទើរតែទូទាំងប្រទេសបានចូលរៀនសិក្សាក្រេបជញ្ជក់ទទួលយកនូវចំណេះដឹង ដើម្បីក្លាយជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់សង្គម។ យ៉ាងណាមិញ “អនក្ខរភាព” ក៏នៅតែមានដោយសារតែកម្ពុជាធ្លាប់មានសង្គ្រាមជាហេតុបានបន្សល់នូវអ្នកមិនចេះអក្សរមួយចំនួនដែលបានបោះបង់ការសិក្សាមកធ្វើការងាររកស៊ីចិញ្ចឹមជីវិតនិងដោះស្រាយជីវភាពគ្រួសារព្រោះតែភាពក្រីក្រ។

ដោយមើលឃើញ​អនក្ខរភាព (ភាពមិនចេះអក្សរ) នៅតាមជនបទ ក៏មានសហគមន៍មួយបានធ្វើការបើកថ្នាក់អក្ខរកម្មនៅភូមិអូរសោម ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាកម្មវិធីអប់រំក្រៅប្រព័ន្ធរាជរដ្ឋាភិបាល ជួយឲ្យ បងប្អូនខ្មែរមួយចំនួន ប្រាសចាកនូវអនក្ខរភាព។ ដោយយោងតាមប្រភពលោក Phalla Pel ថ្នាក់អក្ខរកម្ម នេះបានជួយបង្រៀនបងប្អូននៅទីនោះដើម្បីចេះសរសេរ អាន អក្សរ និងគិតលេខខ្លះៗដើម្បីប្រើប្រាស់។ គួររំលឹកថាអក្ខរកម្ម​ជា​គន្លឹះ​នៃ​ការអភិវឌ្ឍន៍ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ៕