ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃ ដោយអនាគតកូនក្រមុំមួយរូបបានបាត់បង់ជីវិតព្រោះតែមានជម្ងឺគ្រុនឈាម ដោយអនាគតកូនកម្លោះបានសំណូមពរឲ្យអ្នកផាត់មុខដែលគូស្នេហ៍ខ្លួនចូលចិត្ត និងគាំទ្រខ្លាំងមកជួយផាត់មុខសាកសពនៅក្នុងថ្ងៃធ្វើពិធីបុណ្យ។ រឿងហេតុដែលមិននឹកស្មានដល់នេះបានកើតឡើងនៅឯខេត្ត ណាខនស៊ីថាំរ៉ាត ប្រទេសថៃ។

នារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះថា ហ្វុន ដោយនាងបានធ្វើការទំនាក់ទំនងទៅអ្នកផាត់មុខដែលនាងចូលចិត្ត និងតែងតែតាមដានមានឈ្មោះល្បីប្រចាំខេត្តឈ្មោះថា នីល ឲ្យមកតុបតែងឲ្យខ្លួនក្នុងថ្ងៃថត Pre-Wedding នៅថ្ងៃទី១៦ ខែកក្កដានេះ។ ដល់ថ្ងៃត្រូវថត Pre-Wedding ខាងកូនកម្លោះដែលមានឈ្មោះថា អូម ក៏បានខលទៅសុំលើកថ្ងៃ ព្រោះតែអនាគតកូនក្រមុំបានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ។ ស្រាប់តែថ្ងៃបន្ទាប់ទី១៧ ខែកក្កដា កូនកម្លោះក៏បានប្រាប់ទៅអ្នកផាត់មុខរូបនោះថា កូនក្រមុំបានស្លាប់បាត់ហើយ តែគេសំណូមពរឲ្យអ្នកផាត់មុខរូបនោះមកផាត់មុខឲ្យសាកសពកូនក្រមុំ ព្រោះតែកូនក្រមុំចូលចិត្តស្នាដៃការងាររបស់គេជាខ្លាំង និងស្រម៉ៃចង់បានគេជាអ្នកផាត់មុខនៅថ្ងៃអាពាហ៍ពិពាហ៍។

ហេតុការណ៍មួយនេះបានធ្វើឲ្យក្រុមគ្រួសារទាំងសងខាង ជាពិសេសកូនកម្លោះសោកសៅជាខ្លាំងរហូតមិនអាចចូលរួមពិធីបុណ្យសពបានព្រោះតែស្មារតីរបស់គេពុំនឹងនរ។ យ៉ាងណាមិញអ្នកផាត់មុខដែលមានឈ្មោះថា នីល ក៏បានមកតាមការស្នើសុំដោយរូបគេបានលុបចោលការងារ និងការបង្រៀនសិស្សមួយថ្ងៃ ដើម្បីចូលរួម ព្រមទាំងបានយកឈុតកូនក្រមុំកូនកម្លោះមកផងដែរ តែខាងក្រុមគ្រួសារហាមឃាត់ដោយត្រឹមតែផាត់មុខឲ្យសាកសពបានហើយ ព្រោះតែកូនកម្លោះមិននៅមិនអាចរៀបចំស្លៀកពាក់បានទេ ដោយគិតថាការធ្វើបែបនេះជាប្រផ្នូលមិនល្អ។

អ្នកផាត់មុខរូបនេះត្រូវបានកូនក្រមុំដែលមានឈ្មោះថា ហ្វុន និងកូនកម្លោះ អូម បានកក់ទុកសម្រាប់ផាត់មុខក្នុងថ្ងៃ Pre-Wedding និងថ្ងៃរៀបការរបស់ពួកគេដែលរៀបចំឡើងនៅថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ តែជាអកុសលពេលនេះរូបគេបែរជាត្រូវផាត់មុខឲ្យសាកសពទៅវិញ។ គួរបញ្ជាក់ឲ្យដឹងដែរកូនក្រមុំមានអការៈគ្រុនក្តៅខ្លួនជាខ្លាំងតាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ទើបសម្រេចចិត្តទៅពេទ្យ តែក្រោយមកនាងក៏បានបាត់បង់ជីវិត។ ខណៈរដូវធ្លាក់ភ្លៀងចូលមកដល់ជម្ងឺគ្រុនឈាមបានវាយលុកយ៉ាងខ្លាំងចំពោះប្រទេសថៃដោយមនុស្សក្មេងចាស់ប្រុសស្រីជាង ១៦០០នាក់ បានកើតជម្ងឺនេះ និងមានមនុស្ស៦នាក់បាត់បង់ជីវិត កូនក្រមុំខាងលើគឺជាជនទី៧ ដែលស្លាប់ដោយសារជម្ងឺគ្រុនឈាមនេះ៕ អត្ថបទ៖ មេសា