ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសថៃគឺជាប្រទេសដែលសម្បូរទៅដោយបុណ្យប្រពៃណី ជាពិសេសគំនិតច្នៃប្រឌិតប្លែកៗ។ និយាយពីគំនិតថ្មីៗទាក់ទាញភ្ញៀវទេសចរណ៍រកចំណូលចូលជាតិវិញ គឺថាប្រទេសថៃស្ថិតនៅក្នុងចំណោមលំដាប់កំពូលតែម្តង ដោយឈរឈ្មោះក្នុងតារាងប្រទេសដែលមានភ្ញៀវទេសចរណ៍ទៅលេងច្រើនបំផុតដោយឈរនៅលំដាប់លេខ២ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលេខ៥នៅក្នុងទ្វីបអាស៊ីទាំងមូល។

ជាក់ស្តែងណាស់កាលពីថ្ងៃទី១៦ និង១៧កក្កដា កន្លងទៅនេះប្រទេសថៃបានរៀបចំពិធីបុណ្យបែបសាសនាគឺដង្ហែទៀនវស្សាចូលវត្ត ដោយធ្វើឡើងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសថៃ។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការរៀបចំពិធីហែទៀនវស្សាឆ្នាំនេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរណ៍ប្រហែលជាង៣០ម៉ឺននាក់ ដោយមានទាំងទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺថៃបានទាក់ទាញភ្ញៀវទេសចរណ៍បែបសាសនាឲ្យធ្វើដំណើរទស្សនាកំសាន្ត និងចូលរួមពីធីបុណ្យសាសនាបានយ៉ាងច្រើនកុះករ។

លក្ខណៈពិសេសនៃពិធីហែទៀនវស្សាឆ្នាំនេះ គឺទម្រង់រូបរាងនៃទៀនវស្សានីមួយៗត្រូវបានច្នៃ ឆ្លាក់ដោយសម្រិតសម្រាំងអមដោយក្បាច់រចនា និងរូបចម្លាក់ផ្សេងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា និងប្រវត្តិនៃជំនឿរបស់ប្រជាជនថៃ។ ព្រឹត្តិការណ៍បុណ្យចូលវស្សាឆ្នាំនេះបានធ្វើឲ្យថៃចំណេញជាច្រើនយ៉ាង ទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកម្សាន្ត និងចូលរួមយល់ដឹងពីពិធីសាសនាហើយ ថែមទាំងអាចផ្សព្វផ្សាយពីទំនៀមទម្លាប់នៃការគោរពបូជាចំពោះសាសនាព្រះពុទ្ធដល់ពិភពលោកបានស្គាល់ថែមទៀត៕