កាលពីថ្មីៗនេះរឿងរ៉ាវក្តីក្តាំរវាងតារាចម្រៀងប្រុសលោក កា បញ្ញាសិទ្ធិ ជាមួយ សោនក្លឹប របស់លោកឧកញ៉ា ដួង ឆាយ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។ ដោយទំព័រផ្លូវការរបស់សោនក្លឹប បានបង្ហោះបកស្រាយពីរឿងលោក បញ្ញាសិទ្ធិ ជំពាក់បំណុលក្រុមហ៊ុន និងទាមទារឲ្យលោកចេញមុខសុំទោសជាសាធារណៈ ព្រោះតែក្រុមហ៊ុនពុំអាចទទួលយកការបកស្រាយបំភ្លើសការពិតដែលតារាប្រុសរូបនេះបានធ្វើ។

កាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក បញ្ញាសិទ្ធិ បានធ្វើការ Lives វីដេអូពីប្រទេសថៃខណៈខ្លួនកំពុងសម្រាកព្យាបាលវះកាត់សាច់បំពង់ក ដោយពុំអាចនិយាយបាន។ អ្នកម្តាយរបស់លោក បញ្ញាសិទ្ធិ បានថ្លែងសុំទោសដល់លោកឧកញ៉ា ដួង ឆាយ តាមរយៈការ Lives វីដេអូនោះ ដោយគាត់បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការផ្តល់បទសម្ភាសន៍បកស្រាយរបស់កូនប្រុសគាត់ដែលបាននិយាយជ្រុលជ្រួស និងសង្ឃឹមថាលោកឧកញ៉ា ដួង ឆាយ ដែលជាម្ចាស់សោនក្លឹបលើកលែងទោសឲ្យកូនប្រុសខ្លួនផងចុះ៕