ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីយុវជនម្នាក់កាត់រូបថតម្តាយខ្លួនដើម្បីថតរូប នៅថ្ងៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាមួយ ដែលបង្កឲ្យមហាជនរំជួលចិត្តជាខ្លាំង។ យុវជនម្នាក់ដែលជាជនជាតិហ្វីលីពីន មានគណនី Twitter ឈ្មោះថា Paulo John បានបង្ហោះសារជាមួយរូបថតម្តាយខ្លួននៅថ្ងៃបញ្ចប់ការសិក្សា ដោយសរសេររៀបរាប់ថា «ទៅដល់អ្នកម្តាយដ៏ស្រស់ស្អាតបំផុតរបស់កូន! ម៉ែ! កូនប្រុសច្បងរបស់ម៉ែបានបញ្ចប់ការសិក្សាហើយ កូនសង្ឃឹមថាម៉ែនឹងទទួលដឹងក្នុងឋានៈជាទេវតា។ កូនបញ្ចប់សិក្សាពីព្រោះតែវាជាគោលបំណងដែលម៉ែចង់បាន កូនស្រលាញ់ម៉ែខ្លាំងណាស់»។

យុវជនម្នាក់នេះបានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ដោយរូបគេបានឈរឱបរូបថតម្តាយរបស់ខ្លួនដែលត្រូវបានធ្វើឡើងជាផ្ទាំងបញ្ឈរ កម្ពស់ប្រមាណ១.៥៧ម។ Paulo បានរៀបរាប់បន្ថែមឲ្យដឹងថា «ម៉ែគឺជាម្តាយតែម្នាក់គត់ដែលចិញ្ចឹមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដោយគាត់បានបញ្ជូនខ្ញុំទៅរៀននៅសាលាឯកជនដោយកម្លាំងញើសឈាមរបស់គាត់ជាមួយ និងអ៊ុំស្រីខ្ញុំ។ ខ្ញុំ និងគាត់ពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។ កាលដែលខ្ញុំធ្វើរូបបញ្ឈរនេះឡើង គឺព្រោះតែខ្ញុំគិតថាគាត់ក៏មានវត្តមានចូលរួមអបអរដល់រូបខ្ញុំនៅថ្ងៃបញ្ចប់ការសិក្សាផងដែរ បើទោះបីជាគាត់មិនបាននៅមានជីវិតក៏ដោយ។ ម្យ៉ាងវិញទៀតវាគឺជាថ្ងៃនៃក្តីស្រម៉ៃរវាងខ្ញុំ និងគាត់»៕