កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមទាំង Twitter អ៊ីនស្តាក្រាម និងហ្វេសប៊ុក នូវរូបភាពនារីវ័យក្មេង ស្ថិតក្នុងឯកសណ្ឋានចៅក្រម គិតមកទល់ពេលនេះរូបភាពទាំងនេះត្រូវបានគេចែករំលែកនៅលើTwitter រហូតដល់ទៅ ជាង២ម៉ឺនដងឯណោះ ហើយជាពិសេសរូបភាពនារីចៅក្រមនេះក៏ធ្លាយមកបណ្តាញសង្គមរបស់កម្ពុជាផងដែរ។

ចាប់តាំងពីរូបភាពនារីវ័យក្មេងនេះបានល្បីទូទាំងអាស៊ីរួចមក មានមនុស្សមិនតិចទេដែលលង់ស្រលាញ់ និងគ្រប់គ្នាបានឆ្ងល់ថានារីរូបនោះជានរណា ហើយនាងពិតជាមានអាជីពជាចៅក្រមទាំងនៅវ័យក្មេងពិតមែនឬ? យ៉ាងណាមិញនារីខាងលើនេះមានឈ្មោះ Leanna Leonardo អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Gadjah Mada ក្នុងក្រុង Yogyakarta និងមានអ្នកគាំទ្រនៅលើអ៊ីនស្តាក្រាមរហូតដល់ទៅជាង ១៦ម៉ឺននាក់។ ដើម្បីកុំឲ្យមានការយល់ច្រឡំ យុវតីរូបនេះក៏បានបញ្ជាក់ថានាងមិនមែនជាចៅក្រមទេ ប៉ុន្តែអាជីពនេះគឺជាក្តីស្រមៃរបស់នាង ហើយនាងក៏កំពុងតែខិតខំសិក្សា ហើយរូបភាពទាំងនេះគ្រាន់តែជាតុលាការប្រឌិតនៅក្នុងសាកលវិទ្យាល័យតែប៉ុណ្ណោះ។

តែក៏ជារឿងសោកស្តាយសម្រាប់អ្នកដែលលួចលង់ស្រលាញ់នារីជនជាតិឥណ្ឌូនេស៊ីរូបនេះ មហាជននៅលើបណ្តាញសង្គមបានរកឃើញថា Leanna Leonardo មិនមែនជានារីនៅលីវឡើយ ពោលគឺនាងមានមិត្តប្រុសរួចទៅហើយ ប៉ុន្តែមានមនុស្សមួយចំនួនបានសម្តែងការរិះគន់ថា មិត្តប្រុសនិងនាងមិនសាកសមនឹងគ្នាឡើយ។ យ៉ាងណាមិញការវាយតម្លៃមនុស្សតែសម្បកក្រៅមិនមែនជារឿងល្អនោះទេ ដូច្នេះអ្នកដែលរិះគន់គួរតែគិតឡើយវិញណា។ មហាជនជាច្រើនក៏បានធ្វើការជូនពរ និងសង្ឃឹមថាស្រីស្អាតរូបនេះនឹងជោគជ័យក្នុងការសិក្សានិងសម្រេចក្តីសុបិន្តរបស់នាងក្នុងពេលឆាប់ៗ៕