ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយមានករណីស្ត្រីម្នាក់ឲ្យឆ័ត្រទៅក្មេងប្រុសតូចមួយរូបដែលកំពុងត្រៀមសម្តែងភ្លេងដើម្បីប្តូរប្រាក់ ធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង។ ក្រោមកម្តៅថ្ងៃក្តៅហែង ក្មេងប្រុសមួយរូបត្រូវបានគេឃើញស្ថិតនៅក្នុងឯកសណ្ឋានឈុតសិស្សសាលា បានចេញមកអង្គុយនៅលើផ្លូវ ដោយមានកៅអីជ័រ និងគែនមួយនៅក្បែរ ដើម្បីរៀបចំផ្លុំសម្តែងប្តូរយកប្រាក់មកចិញ្ចឹមជីវិត និងបង់ថ្លៃសិក្សា។

មនុស្សប្រុសស្រីជាច្រើនបានដើរកាត់ទៅមក ស្រាប់តែមួយសន្ទុះក្រោយមកគេក៏ឃើញស្ត្រីម្នាក់ដើរឆ្លងកាត់ រូបនាងក៏បានទៅនិយាយជាមួយក្មេងប្រុសនោះ មុននឹងឲ្យឆ័ត្រទៅក្មេងប្រុសរូបនោះយកមកបាំងថ្ងៃ។ សកម្មភាពរបស់នាងបានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ដោយមនុស្សគ្រប់គ្នាពេញចិត្តនូវទឹកចិត្តដ៏ល្អបរិសុទ្ធរបស់នាង បើទោះបីជានាងពុំអាចជួយក្មេងនោះច្រើនក៏ពិតមែន តែនាងក៏បានលះបង់ឆ័ត្រផ្ទាល់ខ្លួនមួយទៅឲ្យក្មេងសម្រាប់បាំងពន្លឺព្រះអាទិត្យដែលក្តៅហែងបានផងដែរ៕