កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានលាចាកសិក្ខាបទភ្លាមៗបន្ទាប់ពីមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងពត៌មានសង្គម។ យ៉ាងណាមិញលោក ផែង វណ្ណៈ ក៏សម្តែងការងើយឆ្ងល់ថាហេតុអ្វីចាំបាច់បង្ខំអោយសឹកដោយស្ម័គ្រចិត្តទាំងយប់ លោកផែង វណ្ណៈ ក៏បានលើកឡើងនូវករណី ព្រះចៅអធិការវត្តពោធិ៍ចិនតុង ដែលបែកធ្លាយរឿងអាស្រូវកេរ្តិ៍ និងរូបភាពជាច្រើនសន្លឹកលួចលាក់រួមមេត្រីជាមួយស្រីស្នេហ៍ ហើយក៏ត្រូវបានដោះស្រាយថាជារូបភាពកាត់ត ប៉ុន្តែដោយមិនបង្ហាញពីរូបភាពពិត។

ដោយ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “ប្លែកៗ​ណាស់​ស្រុកខ្មែរ​ ពេលបុគ្គលសង្ឃប្រព្រឹត្តខុសធម៌វិន័យ​ធ្ងន់ធ្ងរ​ ត្រូវ​បានមន្ត្រីសង្ឃបង្ខំអោយសឹកដោយស្ម័គ្រចិត្តទាំងយប់​។ ខ្ញុំ​ឆ្ងល់​ហេតុ​អី​បាន​ចាំបាច់​សឹក​ទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង​ ? មានច្រេីនករណីហេីយដែលសឹកតែពេលយប់​ ។ តេីពេលភ្លឺ​សឹក​មិនបានឬ​ ? ឬ​ មួយខ្លាចអ្នកកាសែតដឹងបានរកស៊ីតែពេលយប់អាធ្រាត​ ? ហេីយករណី​ ចៅ​អធិការ​វត្ត​ពោធិ​ចិនតុង​ មានស្រីស្នេហ៍ដោះស្រាយដល់ណាហេីយ​? ចប់ត្រឹមឆ្លេីយថារូបកាត់តឬ​? បេីឆ្លេីយថារូបកាត់ត​ តេីរូបថតពិត​នៅឯណា​ ? យករូបថតពិតមកបង្ហាញអោយមហាជនអស់ចម្ងល់ផង​”៕