ចូលមកដល់សប្តាហ៍ទី៣ នៃការប្រលងចម្រៀងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia វគ្គ Judge Audition យើងសង្កេតឃើញថាបេក្ខជននីមួយៗហាក់កាន់តែមានអារម្មណ៍តានតឹងឡើងៗ ព្រោះតែពួកគេត្រូវប្រកួតប្រជែងជាមួយបេក្ខជនរាប់ពាន់នាក់មកពីជុំវិញខេត្ត ក្រុងទូទាំងប្រទេសកម្ពុជា ជាពិសេសគឺត្រូវបញ្ចេញសមត្ថភាពដើម្បីយកឈ្នះចិត្តគណៈកម្មការឆ្នើមទាំង៤ ដែលមានដូចជា ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន។

បេក្ខជនមួយរូបដែលមានឈ្មោះថា ចាន់ សុបញ្ញា អាយុ ១៤ ឆ្នាំ មកពីខេត្ត កំពង់ចាម ហាក់បានធ្វើឲ្យឆាក X Factor Cambodia កាលពីរាត្រីយប់មិញនេះរង្គោះរង្គើ និងពោរពេញទៅដោយសម្លេងទះដៃ ព្រោះតែក្មេងប្រុសរូបនេះបានបង្កប់នូវសម្លេងដ៏ល្អក្នុងវ័យ ១៤ ឆ្នាំរបស់ខ្លួន។ បេក្ខជនរូបនេះបានបកស្រាយចម្រៀងមួយបទ​ចំណងជើងថា ខូចចិត្តត្បិតព្រាត់អូន ដែលជាសំនៀងដើមរបស់លោក មាស ហុកសេង។ សមត្ថភាពច្រៀងរបស់ ចាន់ សុបញ្ញា ហាក់ធ្វើឲ្យទស្សនិកជន និងគណកម្មការទាំងបួនសឹងតែមិនជឿនឹងភ្នែកថាអាចធ្វើបានយ៉ាងល្អកម្រិតនេះ រហូតទទួលបាន យេស ដល់ទៅបួនពីគណៈកម្មការ។ ចង់ដឹងថាគាត់បកស្រាយបានល្អកម្រិតណានោះ មកទស្សនាទាំងអស់គ្នា៖