បេក្ខជនជាច្រើននាក់មកហើយដែលបានចូលខ្លួនបង្ហាញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia ដោយអ្នកខ្លះក៏ទទួលបានភាពជោគជ័យឆ្លងផុតទៅវគ្គបន្ត អ្នកខ្លះក៏ត្រូវចាកចេញពីកម្មវិធីត្រលប់ទៅវិញ។ យ៉ាងណាមិញចូលមកដល់សប្តាហ៍ទី៣នៃវគ្គ Judge Audition គណៈកម្មការឆ្នើមទាំង៤រូប ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ហាក់រឹតតែកាន់សម្រិតសម្រាំងនាំការដាក់ពិន្ទុ ជាពិសេសចំពោះបេក្ខជន បេក្ខនារីដែលមានសម្លេងល្អ។

បេក្ខនារីមួយរូបមកពីខេត្តតាកែវ អាយុ ២៥ឆ្នាំ មានឈ្មោះថា លៀង សីហា បានធ្វើឲ្យមហាជន និងគណៈកម្មការចាប់អារម្មណ៍ជាខ្លាំងចំពោះរូបនាង ដោយបេក្ខនារីរូបនេះបានផ្លាស់ប្តូរខ្លួនពីអាជីពជាតារាចម្រៀងបទបុរាណ ច្រៀងកាត់សក់ការ មកជាតារាចម្រៀងបែបសម័យ។ នាងបានបញ្ចេញសមត្ថភាពក្នុងបទ “កាត់ចិត្តបែបណា” ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា។ តែដោយសារចម្រៀងសម័យមិនមែនជាជំនាញរបស់ខ្លួន ហាក់ធ្វើឲ្យ លៀង សីហា ធ្វើពុំសូវបានល្អនោះឡើយ ដោយមានចំណុចខ្វះខាតច្រើន តែនាងនៅតែអាចទទួលបាន យេស ចំនួន៣ឆ្លងកាត់ទៅវគ្គបន្ត ព្រោះតែគណកម្មការ និងទស្សនិកជនចង់ឃើញការវិវត្តន៍ខ្លួនរបស់អ្នកចម្រៀងបុរាណម្នាក់នេះ។ តោះទស្សនាការសម្តែងសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖