ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយតូបលក់អាហារមួយនៅប្រទេសថៃលក់គ្រប់មុខត្រឹមតែតម្លៃ១០បាត ប្រមាណជា១៤០០រៀលខ្មែរ។ ស្ទើរតែមិនចង់ជឿនឹងត្រចៀកថា ម្ហូបជាច្រើនជាមួយបាយទៅតាមចំណង់ចំណូលចិត្តរបស់អ្នក មានដូចជាសម្លតុងយ៉ាំ បាយសាច់ជ្រូក បាយឆាកាពិ បាយពងទា ព្រមទាំងបង្អែមបាយដំណើបស្វាយ មួយកញ្ចប់ត្រឹម១០បាតប៉ុណ្ណោះ។ នេះគឺជារឿងពិតដែលអ្នកស្រី ផាត់ឆារីន ហៅថា យាយឈុន បានប្រកបរបរលក់បាយនេះជាយូរឆ្នាំមកហើយ ដោយអ្នកស្រីលក់ម្ហូបទាំងអស់ត្រឹមតែតម្លៃ១០បាតប៉ុណ្ណោះ ព្រោះតែអ្នកស្រីយល់ពីទុក្ខលំបាកអ្នកដែលមានកូនច្រើន បើសិនអ្នកស្រីលក់តម្លៃ៤០ ទៅ៥០បាត វាថ្លៃដែលធ្វើឲ្យពួកគេពុំបានញ៉ាំបាយគ្រប់គ្រាន់ ចឹងក្មេងៗច្បាស់ជាខ្វះខាតអាហារញ៉ាំ។

អ្នកស្រីថាការធ្វើបែបនេះអ្នកស្រីក៏នៅតែមានប្រាក់ចំណេញគ្រាន់តែវាមិនច្រើន ឬអាចរួចខ្លួនប៉ុណ្ណោះ តែអ្វីដែលអ្នកស្រីចំណេញគឺទទួលបានស្នាមញញឹម និងបុណ្យជាច្រើនដែលបានធ្វើទៅ ហើយវាក៏អាចជួយដល់អ្នកមិនសូវមានប្រាក់ឲ្យមានបាយញ៉ាំផងដែរ។ លោកយាយ ឈុន បន្ថែមថា តូបលក់បាយរបស់គាត់គឺមានលក់ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យប៉ុណ្ណោះ ព្រោះតែលោកយាយសុំពេលវេលាជួបជុំគ្រួសារ និងត្រៀមគ្រឿងផ្សំសម្រាប់បន្តការលក់។ ហាងរបស់លោក យាយឈុន គឺមានទីតាំងស្ថិតនៅខាងមុខសាលារៀន វត្តឡូ ភូមិតាឡាត់លួង ស្រុកអានផូ ខេត្ត ផាយ៉ាវ ប្រទេសថៃ៕