បេក្ខជនជាច្រើននាក់មកហើយដែលបានចូលខ្លួនបង្ហាញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia ដោយអ្នកខ្លះក៏ទទួលបានភាពជោគជ័យឆ្លងផុតទៅវគ្គបន្ត អ្នកខ្លះក៏ត្រូវចាកចេញពីកម្មវិធីត្រលប់ទៅវិញ។ យ៉ាងណាមិញចូលមកដល់សប្តាហ៍ទី៣នៃវគ្គ Judge Audition គណៈកម្មការឆ្នើមទាំង៤រូប ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ហាក់រឹតតែកាន់សម្រិតសម្រាំងនាំការដាក់ពិន្ទុ ជាពិសេសចំពោះបេក្ខជន បេក្ខនារីដែលមានសម្លេងល្អ។

ក្នុងនោះបេក្ខជនមួយរូបដែលមានឈ្មោះថា អ៊ូច ថៃហេង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសចំពោះគណកម្មការតែម្តង ដោយបេក្ខជនរូបនេះធ្លាប់បានឆ្លងកាត់ការប្រលងម្តងរួចមកហើយនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី១។ កាលនោះ អ៊ូច ថៃហេង បានត្រូវជម្រុះចេញពីកម្មវិធីក្នុងវគ្គ Theater Round 1 ព្រោះតែសមត្ថភាពនៅមានកម្រិត។ លើកនេះ អ៊ូច ថៃហេង ហាក់ពុំមែនមកលេងៗទៀតឡើយ ដោយបញ្ចេញសមត្ថភាពក្នុងបទ “ឈប់ស្អប់បងទៅ” របស់លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យគណកម្មការពេញចិត្តអាចឆ្លងទៅវគ្គបន្តបាន។ សូមទស្សនាការបង្ហាញសមត្ថភាពរបស់គាត់ជាមួយវីដេអូខាងក្រោមនេះ៖