បេក្ខជនជាច្រើនរូបមកហើយដែលបានបញ្ចេញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia កន្លងទៅ៣សប្តាហ៍នេះ អ្នកខ្លះក៏មានទឹកមុខញញឹមញញែមត្រលប់ទៅវិញក្រោយទទួលបានជោគជ័យ អ្នកខ្លះទៀតក៏ត្រលប់ទៅវិញទាំងភាពសោកសៅ។ យ៉ាងណាមិញការប្រកួតប្រជែងគឺនៅតែបន្ត ជាពិសេសនៅមានបេក្ខជនជាច្រើនរូបទៀតដែលកំពុងរង់ចាំចូលខ្លួនមកបញ្ចេញសមត្ថភាព។

ក្នុងនោះបេក្ខជនមួយរូបដែលមានឈ្មោះថា ផន សុផាត មុខរបរជាគ្រូបង្រៀន មកពីខេត្តតាកែវ គឺបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយលោកគ្រូបង្រៀនរូបនេះបានបកស្រាយចម្រៀងបទ “មានប្រពន្ធល្អមិនចេះថែ” ដែលជាសំនៀងដើមរបស់លោក ពេជ្រ ថាណា។ ពិតជាមិនធម្មតានោះឡើយ លោកគ្រូបង្រៀនស្រុកស្រែម្នាក់នេះមានសម្លេងខ្ពស់ ច្រៀងក៏ពីរោះរហូតធ្វើឲ្យគណៈកម្មការឆ្នើមទាំងបួនគឺ ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន លើកដៃឲ្យ យេស ព្រមគ្នាតែម្តង៕