អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការខិតខំប្រឹងប្រែងបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់អន់ថយនៅឡើយទេ។ នាពេលថ្មីៗនេះមានករណីថ្មីមួយដោយក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពដាក់ថ្នាំលើបុគ្គលិករួចយកលុយអស់៣០០ដុល្លារ ពីហាងលក់ស្បែកជើងមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ៨និង៤១នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមសម្តីពីម្ចាស់ហាងដែលផ្ញើមកកាន់សារអេឡិចត្រូនិចខ្មែរណូតបានឲ្យដឹងថា ក្រុមចោរមានគ្នា២នាក់ជិះម៉ូតូវីវ៉ាសេរីចាស់ មកឈប់មុខហាង ដោយដំបូងឡើយមានគ្នាម្នាក់ពាក់មួកសុវត្ថិភាពពណ៍ក្រហមបានដើរចូលមកក្នុងហាង ដោយជនសង្ស័យមិននិយាយស្តីអ្វីទាំងអស់ដោយប្រើកាយវិការដោយចង្អុលមើលអីវ៉ាន់នៅក្នុងហាង ចុងក្រោយក៏ទិញស្រោមជើង២គូ ឲ្យក្រដាសប្រាក់៥០ដុល្លារ។ ថែមទាំងឲ្យបុគ្គលិកអាប់លុយជាក្រដាសប្រាក់រៀល បុគ្គលិកដែលអាប់លុយក៏បានដឹងខ្លួនថាមានរឿងមិនស្រួល ប៉ុន្តែជនសង្ស័យពាក់មួកក្រហម បានរត់មកឈរកៀកកន្លែងគិតលុយ បន្ទាប់មកបុគ្គលិកក៏លែងដឹងខ្លួន ដឹងត្រឹមតែចាក់សោររកលុយអាប់ ហើយជនសង្ស័យពាក់មួកក្រហមបានមកធ្វើជាជួយរកលុយ ហើយពេលនោះក៏មានជនសង្ស័យម្នាក់ទៀតពាក់មួកខ្មៅដើរចូលមកសួររកស្បែកជើងដើម្បីឲ្យគ្នីគ្នាធ្វើសកម្មភាពបន្លំយកលុយពីបុគ្គលិកបានយ៉ាងងាយស្រួល។

ដោយម្ចាស់ហាងមានហ្វេសប៊ុកឈ្មោះ Sun Dara ក៏បានសរសេររៀបរាប់ថា៖ “បងប្អូនបើកហាង រកសុីប្រយ័ត្នពួកចោរមួយក្រុមនេះ វាដើរបន្លប់ទិញ ហើយដាក់ថ្នាំបុគ្គលិកខ្ញុំយកលុយអស់ 300$ ទាំងព្រឹក”។ សូមទស្សនាវីដេអូនៅខាងក្រោម ដោយនេះជាមេរៀនមួយសម្រាប់ម្ចាស់ហាង ឬបុគ្គលិកដើម្បីបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕