អស់រយៈពេលកន្លងទៅ៣ឆ្នាំ ៦ខែមកហើយ ដែលតារាសម្តែងថៃលោក Por Tridsadee បានទទួលអនិច្ចកម្មទៅ បន្សល់ទុកនៅក្តីសោកសង្រេងដល់ក្រុមគ្រួសារ ជាពិសេសភរិយា និងកូនស្រីតូចតែម្តង។ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ម្សិលមិញនេះ អ្នកនាង Bo Vanda Sahawong ដែលជាភរិយាបាននាំក្រុមគ្រួសារទៅធ្វើពិធីបង្សុកូលគម្រប់ខួប៣ឆ្នាំជូនស្វាមីខ្លួនដែលចែកឋានទៅនៅឯចេតិយរបស់លោកដែលស្ថិតនៅវត្ត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកនាងបានបង្ហោះរូបកូនស្រី Malee រាំ Cover ក្រុម BLACKPINK បទ “Kill This Love” នៅមុខចេតិយឪពុកយ៉ាងគួរឲ្យស្រលាញ់ នៅក្នុងគណនី Instagram ដោយភ្ជាប់ជាមួយសាររៀបរាប់ថា៖ «ម៉ែចា៎! បើសិនជាយើងទៅវត្តកូនសុំរាំឲ្យពុកមើលបានទេ? កូនចង់ឲ្យពុកឃើញ»។ មហាជន និងសិល្បករ សិល្បការិនីជាច្រើន បានខំមិនលើកទឹកចិត្ត និងកោតសរសើរភាពគួរឲ្យស្រលាញ់របស់ប្អូន Malee ព្រមជាមួយក្តីនឹករលឹកដល់លោក Por ជាខ្លាំង៕