សុខ ស្រីនាង តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ ព្រោះក្រៅពីអាជីពជាតារាចម្រៀងតារាស្រីរូបនេះក៏បានបោះជំហ៊ានប្រឡូកក្នុងវិស័យសម្តែង ដោយនាងក៏ជាតួអង្គសំខាន់មួយរូបក្នុងខ្សែភាពយន្តភាគទូរទស្សន៍រឿង “រាជនីភូមិគ្រិះ” ផងដែរ។ អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលនឹងគួរឲ្យចាប់អារម្មណ៍នោះ សុខ ស្រីនាង ត្រូវបានក្លាយខ្លួនជាគណៈកម្មការដាក់ពិន្ទុមួយរូបក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី១ របស់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ហង្សមាស។

នេះគឺជាលើកដំបូងហើយដែលតារាស្រីរូបនេះបានក្លាយខ្លួនជាគណៈកម្មការក្នុងកម្មវិធីធំបែបនេះ ប្រដមត្រសងគ្នាជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ជាមួយនឹងលោក ឆន សុវណ្ណរាជ។ យ៉ាងណាមិញមហាជនជាច្រើនហាក់សង្ឃឹមយ៉ាងមុតមាំថាជាមួយបទពិសោធន៍សិល្បៈជាង១០ឆ្នាំរបស់នាង នឹងអាចបំពេញតួនាទីបានយ៉ាងល្អក្នុងតំណែងថ្មីមួយនេះ ព្រោះវាក៏ជាគោលបំណងនៃអ្នកគាំទ្រ ដែលចង់ឃើញរូបនាងមានវត្តមានក្នុងកម្មវិធីធំៗបែបនេះដែរ៕