កាលពីថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីករណីលោកយាយវ័យ៨២ឆ្នាំមួយរូប អូសរទេះរកអេតចាយដើម្បីចិញ្ចឹមជីវិតគួរឲ្យអាណិតអាសូរនៅលើទឹកដីខេត្តកំពត។ តាមរយៈប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Prum Thida បានសរសេររៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះជួបជាមួយនឹងលោកយាយ រើសអេតចាយ និងជូនលុយកាក់គាត់បន្តិចបន្តួចសម្រាប់ទិញអាហារហូប។

គាត់តែងតែមកសម្រាក ជិតកន្លែងខ្ញុំធ្វើការ នៅធនាគារ ABA សាខា ខេត្តកំពត អង្គុយក្បែរធុងសម្រាម ដោយបញ្ឈរ រទេះអេតចាយចាស់មួយ និងដៃកាន់បាវ មាត់កំពុងតែទំពារបាយក្តាំង លោកយាយ អាយុ៨២ឆ្នាំរូបនេះ ហាក់ដូចជាមានភាពចាស់ជរាណាស់ទៅហើយ តែដោយជីវភាពខ្វះខាត គាត់ខំតស៊ូអូសរទេះ ឆ្លងកាត់វិថីជាច្រើន ដើម្បីរើសយកវត្ថុ សម្ភារៈ ដែលគេប្រើប្រាស់ហើយ ដូចជា កំប៉ុង ភេសជ្ជៈ និងដបទឹកសុទ្ធនិងដបទឹកសុទ្ធជាដើម ដើម្បីដោះដូរជាសាច់ប្រាក់ទិញបាយហូប។ ខ្ញុំគ្មានលទ្ធភាពជួយគាត់ច្រើនទេ តែបើបានឃើញគាត់ ជួបគាត់ ជូនលុយកាក់ឲ្យគាត់ទិញបាយហូបផង។ អំពើល្អនឹងជួយឲ្យយើងមានក្តីសុខ»។ ប្រសិនបើបងប្អូនមានបំណងចង់ជួយដល់រូបគាត់អាចទំនាក់ទំនងទៅបងប្រុសម្ចាស់គណនី Prum Thida ឬក៏អាចទៅស្វែងរកលោកយាយនៅឯខេត្តកំពតដោយផ្ទាល់បាន ព្រោះលោកយាយពុំមានទូរស័ព្ទសម្រាប់ទំនាក់ទំនងឡើយ៕