កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ យោធិន០២រូបបំរើការងារជួរមុខ បានជួបគ្រោះថ្នាក់ឧបទ្ទវហេតុបាក់ស្ពានឈើវាងស្ពានថ្មថ្មី បណ្តាលឲ្យបាត់ខ្លួនតាមខ្សែទឹកហូរ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ យោងតាមសម្តីរបស់នគរបាលស្រុកសៀមប៉ាងជនរងគ្រោះទាំង២មានឈ្មោះ គីណាក់ ដាលី និង សុខ វ៉ាន់ឌី (ប្រុសទាំង២) ជនរងគ្រោះទាំង២ជាយោធិនបំរើការ នៅវរកាំភ្លើងធំ ទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១ ដោយមកទាល់ព្រឹកនេះនៅរកមិនទាន់ឃើញនៅឡើយ។

ដោយនគរបាលស្រុកសៀមប៉ាង បានសំណូមពរឲ្យប្រជាពលរដ្ឋនៅរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងសំឡឹងមើលនៅតាមដងទន្លេផងក្រែងជួបប្រទះ និងសូមរាយការណ៍ជាបន្ទាន់ តាមលេខទូរសព្ទ័ប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង 0977780199 និងលេខរបស់លោកអធិការនគរបាលស្រុក 0883 88 88 56៕