Aum Patcharapa តារាសម្តែងស្រីលំដាប់កំពូលប្រចាំប្រទេសថៃ ដែលមានសម្រស់ស្រស់ស្អាតជាមួយបទពិសោធន៍សិល្បៈជាច្រើនឆ្នាំ។ មកទល់ពេលនេះតារាស្រីរូបនេះហាក់នៅតែក្តោបជាប់តំណែងលំដាប់កំពូលដោយមិនរង្គោះរង្គើ បើទោះបីជានាងពុំសូវចេញមុខសម្តែងរឿងក្តី។ អ្វីដែលធ្វើឲ្យមហាជនរឹតតែស្រលាញ់ និងពេញចិត្តរូបនាងខ្លាំងនោះគឺ Aum Patcharapa ជាតារាស្រីដែលត្រូវបានគេស្គាល់ថាស្អាតទាំងក្រៅ និងក្នុង ដោយនាងជាមនុស្សចូលចិត្តធ្វើបុណ្យ និងតែងជួយការងារសង្គមជាច្រើន។

ជាក់ស្តែងកាលពីថ្មីៗនេះតារាស្រីរូបនេះត្រូវបានមហាជនលួចថតបានពេលដែលនាងកំពុងទិញនំតាមផ្លូវដោយមិនប្រកាន់ខ្លួន។ តាមរយៈការរៀបរាប់របស់អ្នកនៅទីកន្លែងបានឲ្យដឹងថា Aum Patcharapa បានធ្វើដំណើរឆ្លងកាត់កន្លែងនោះស្របពេលដែលមានភ្លៀងធ្លាក់ ដោយរូបនាងបានឃើញលោកយាយលក់នំកំពុងជ្រកក្រោមមុខហាងមួយកន្លែង ឃើញបែបនេះនាងក៏ចុះពីលើឡានមកម៉ៅយកនំលោកយាយរូបនោះទាំងអស់ដោយឲ្យទឹកប្រាក់គាត់ចំនួន ២ម៉ឺនបាត។ រូបនាងត្រូវបានមហាជនកោតសរសើរជាខ្លាំងព្រោះថាទឹកប្រាក់២ម៉ឺន វាអាចមិនច្រើនសំរាប់អ្នកមានប្រាក់ច្រើនក៏ពិតមែន តែអ្នកដែលខ្វះខាតវាអាចជួយជីវភាពពួកគេបានច្រើនណាស់ ជាពិសេសទឹកចិត្តដ៏ធំធេងរបស់នាងគឺពុំអាចវាស់បានឡើយ៕