ឆាយ វីរៈយុទ្ធ តារាចម្រៀងសម្លេងធ្ងន់ ប្រចាំផលិតកម្មសាន់ដេ ដែលមានប្រជាប្រិយភាពខ្ពស់ និងទទួលបានការស្រលាញ់ចូលចិត្តច្រើនពីពុកម៉ែបងប្អូនគ្រប់ស្រទាប់។ ថ្មីៗនេះតារាប្រុសរូបនេះបានបង្ហាញក្តីអបអរ ក្រោយពេលដែលទទួលដំណឹងភរិយាកំពុងមានផ្ទៃពោះ ដោយលោកបានព្យាយាមយកចិត្តទុកដាក់មើលថែភរិយាជាខ្លាំង និងតែងបណ្តើរគ្នាទៅណាមកណាយ៉ាងផ្អែមល្ហែម។

យ៉ាងណាមិញកាលព្រឹកថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ លោក ឆាយ វីរៈយុទ្ធ បាននាំភរិយា ជាមួយសប្បុរសជនមកពីសឹង្ហបុរីចុះចែកអំណោយដល់លោកតាលោកយាយ និងក្មេងពិការ នៅឯខេត្តកំពង់ឆ្នាំង។ តាមរយៈសារដែលលោកបានរៀបរាប់នៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា៖ «នាព្រឹកថ្ងៃទី ២៥/០៧/២០១៨ ខ្ញុំបាទ ព្រមទាំងភរិយា និងក្រុមគ្រួសារ សប្បុរសជនមកពីសឹង្ហបុរី និង ព្រះសង្ឃ ពិតជារីករាយណាស់ដែលបានមកដល់ទីតាំងផ្ទាល់ នៅឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រាប់ការចែកជូន នូវសម្ភារៈបរិភោគ ព្រមទាំងថវិកា ដល់លោកតាលោកយាយចាស់ជរា ក្មេងពិការ ចំនួន ២៦ គ្រួសារ ដោយទឹកចិត្តជ្រះថ្លា»៕