កាលពីព្រឹកមិញនេះរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចំណុចស្ពានខ្លងតាន់ ប្រទេសថៃ បង្ករភាពតក់ស្លុតជាខ្លាំងដល់បងប្អូនមហាជនក្នុងបណ្តាញសង្គម។ ដោយបុរសជនរងគ្រោះមានឈ្មោះថា ផាត់ណារ៉ុន ផុងថាណានិកន អាយុ ៣៧ឆ្នាំ ធ្វើដំណើរចេញមកពីតំបន់ខ្លងតាន់ ឆ្ពោះទៅក្រុងថេប ជិះម៉ូតូធំម៉ាក BMW ស៊េរី S1000RR បានស្លាប់កំបុតក្បាលដោយរាងកាយខ្ទាតចេញពីម៉ូតូចំងាយប្រមាណ២០ម៉ែត្រ។ សមត្ថកិច្ចបានសន្និដ្ឋានថាយុវជនខាងលើបានបើកបរម៉ូតូក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុមិនអាចគ្រប់គ្រងយានជំនិះខ្លួនបានទើបទៅប៉ះនឹងរបាំងខណ្ឌចែកទ្រូងផ្លូវបណ្តាលឲ្យដាច់ក្បាលស្លាប់។

ពេលនេះបុរសដែលរងគ្រោះថ្នាក់ស្លាប់ខាងលើនេះត្រូវបានគេស្គាល់សមាសភាពថាជាបងប្រុសរបស់តារាសម្តែងស្រីល្បីឈ្មោះ អៃស៍ ព្រីឆៃយ៉ា ផុងថាណានិកន ដែលជាតួអង្គឯកក្នុងរឿង “I Fine Thank You Love You” ដ៏ល្បីល្បាញកាលពីឆ្នាំ២០១៤។ លោក ផាត់ណារ៉ុន ផុងថាណានិកន មានអាជីពជាអ្នករៀបចំបច្ចេកទេសភ្លើងនៅក្នុងបណ្តាញស្ថានីយទូរទស្សន៍ និងតាមកម្មវិធីផ្សេងៗ ដោយលោកជាមនុស្សដែលស្រលាញ់ចូលចិត្តលេងស្ទាយតែងខ្លួនបែបយុវវ័យ និងចូលចិត្តម៉ូតូធំៗជាខ្លាំង។ យ៉ាងណាមិញគ្រាន់តែឮដំណឹងភ្លាម ក្រុមគ្រួសាររបស់លោកគឺលោកឪពុក និងតារាស្រី អៃស៍ បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យឲ្យបានប្រាកដចិត្តភ្លាមតែម្តង៕