ចូលមកដល់សប្តាហ៍ទី៤នៃវគ្គ Judge Audition ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បេក្ខជននីមួយៗហាក់ខិតខំប្រឹងប្រែងជាខ្លាំង ដោយម្នាក់ៗប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានយេសពីគណៈកម្មការទាំងបួន ខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និង សុខ សីឡាលីន ដើម្បីឆ្លងផុតទៅវគ្គបន្ត។

ប្រសិនបើអ្នកមកប្រលងម្នាក់ឯងអម្រែកនៅលើស្មារហាក់មិនសូវធ្ងន់ប៉ុន្មាននោះឡើយ តែបើមកជាក្រុមច្បាស់ជាមានសម្ពាធខ្លាំងជាក់ជាមិនខាន ព្រោះថាបើជាប់ ជាប់ទាំងអស់គ្នា បើធ្លាក់ ធ្លាក់ទាំងអស់គ្នា។ យ៉ាងណាមិញមិនថាលទ្ធផលយ៉ាងណាទេ បេក្ខជនរូបសង្ហាពីររូបនៅតែចាប់ក្រុមជាមួយគ្នាដោយឲ្យឈ្មោះក្រុមថា X2B មកបញ្ចេញសមត្ថភាពជាមួយច្រៀងមួយបទដែលពិបាកច្រៀងគឺបទ “ស្មោះប៉ុណ្ណឹងមិនល្មម” របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ បើទោះបីជាបទចម្រៀងមួយបទនេះពិបាកយ៉ាងណាក៏ដោយ ក៏ក្រុម X2B នៅតែធ្វើបានល្អ និងទទួលការកោតសរសើរពីគណៈកម្មការ ព្រោះតែអ្នកទាំងពីរបានប្រើប្រាស់ចំរៀងមួយបទនេះ ទៅជាស្ទាយច្រៀងផ្ទាល់ខ្លួន អ៊ែមមួយបែប៕