ការប្រកួតនៃវគ្គ Judge Audition របស់កម្មវិធី X Factor Cambodia នៅតែបន្តធ្វើឡើង ដើម្បីចំរាញ់យកបេក្ខជនដែលមានសមត្ថភាព និងមានសម្លេងល្អ។ គណៈកម្មការឆ្នើមទាំងបួនហាក់ឈឺក្បាលមិនតិចនោះឡើយ ព្រោះតែពិបាកជ្រើសរើសបើម្នាក់ៗមកសុទ្ធតែសមត្ថភាពពិសេសមិនធម្មតាតាមបែបផែនស្តាយរៀងខ្លួន។

យ៉ាងណាមិញបេក្ខជនដែលមានឈ្មោះថា ឈយ ពស៊ាង ហាក់ទទួលបានចំណាប់អារម្មណ៍ប្លែកក្រោយប្រកាសថាខ្លួនមានមហិច្ឆិតាធំចង់ក្លាយជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្លោះមកពីខេត្តសៀមរាប មានអាយុ២៤ឆ្នាំ រូបនេះ គឺមានសមត្ថភាពមិនធម្មតានោះឡើយ ដោយរូបគេមានភាពក្លាហានលើកយកបទ “Jealousy” ដែលជាស្នាដៃនិពន្ធដោយខ្លួនឯងផ្ទាល់មកបញ្ចេញសមត្ថភាព ទាំងច្រៀង និងរ៉េបបានយ៉ាងល្អ។ ដើម្បីឆ្លើយតបនឹងក្តីបំណងដ៏ធំរបស់ខ្លួន ពស៊ាង ក៏ធ្វើបានជោគជ័យដោយទទួលបាន យេស ចំនួន៣ពីគណៈកម្មការឆ្លងកាត់ទៅវគ្គបន្ត៕