បងប្អូនមួយចំនួនធំមុខជាបានស្គាល់ជាក់ច្បាស់ជាមិនខានក្រុម យុវជនសំរាម ដែលជាក្រុមយុវជនស្ម័គ្រចិត្តចំណាយពេលវេលារបស់ខ្លួនប្រមូលសំរាម និងសំអាតបរិស្ថាន ដោយចាប់ផ្តើមចេញពីតំបន់លូទឹកស្អុយបឹងត្របែក។ អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនមួយក្រុមនេះ នៅតែបន្តធ្វើការងារនេះយ៉ាងសស្រាក់សស្រាំ មិនមានការរាថយទោះបីជាគ្មានការលើកស្ទួយឲ្យតម្លៃ ទទួលបានតែការបណ្តុះបង្អាប់ក៏ដោយ។

យ៉ាងណាមិញលោក សាន ដារ៉ាវីត ជាប្រធានក្រុមយុវជនសំរាម បាននាំក្រុមការងារទៅប្រទេសថៃរយៈពេល៧ថ្ងៃ ហើយក្រុមការងារក៏បានមកដល់រោងចក្រកែច្នៃផ្លាស្ទិក ដែលកែច្នៃឱ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ រោងចក្រកែច្នៃនៅប្រទេសថៃនេះ ក៏បានយល់ព្រមក្នុងការតំឡើងរោងចក្រកែច្នៃនៅកម្ពុជា។

នេះបើយោងតាមហ្វេសប៊ុកផេក យុវជនសំរាម បានសរសេររៀបរាប់ថា ៖ “មកដល់រោងចក្រកែច្នៃផ្លាស់ស្ទិកនៅប្រទេសថៃហើយ ! គោលបំណងទំនាក់ទំនងអ្នកវិនិយោគបរទេសចូលក្នុងស្រុក ព្រមទាំងប្រមូលសំរាមផ្លាស្ទិកដែលយើងមានសព្វថ្ងៃនេះចូលក្នុង រោងចក្រកែច្នៃឱ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ ។ ក្រោយពីការជជែកគ្នាអស់រយៈពេល ១ម៉ោងកន្លះ គាត់ក៏យល់ព្រមក្នុងការតំឡើងរោងចក្រនៅកម្ពុជា។ សូមចែករំលែកពត៌មានដ៏ល្អនេះទៅកាន់ជនរួមជាតិទាំងអស់គ្នាជាដំណឹង ។ អរគុណគ្រប់គ្នា ខ្ញុំស្រលាញ់អ្នក “៕