ប្រធានបទទាក់ទងនឹងសំណួរចម្លើយ របស់កម្មវិធីល្បងប្រាជ្ញាមួយ ដែលថាផ្លូវគោកមាន៣ប្រភេទនោះ បានធ្វើឲ្យមហាជនសម្តែងការរិះគន់យ៉ាងខ្លាំង ជាពិសេសគឺពិធីការិនីអ្នកនាង ចាន់ កែវនិមល ត្រូវបានមហាជនមួយចំនួនវាយប្រហារប្រើពាក្យសម្តីមិនសមរម្យ។ ហើយខណៈដែលប្រធានបទនេះកំពុងផ្ទុះពេញបណ្តាញសង្គម អ្នកនាង ចាន់ កែវនិមល ក៏មិនមានប្រតិកម្មតបត ឬសម្តែងការខឹងសម្បារចំពោះអ្នករិះគន់មកលើរូបនាងដែរ។

យ៉ាងណាមិញដោយក្នុងនាមជាស្វាមី លោក សូវ៉ាត សីលា ក៏បានបង្ហោះសារលើកទឹកចិត្តដល់ភរិយា ដោយលោកបានសរសេររៀបរាប់ថា ៖ “ប៉ុន្មានឆ្នាំនេះអូនខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងដោយក្តីស្រលាញ់បំពេញការងារជាពិធីការិនីជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងបានសម្រេចនូវលទ្ធផលជាច្រើន ជាពិសេសបើមិនមានគោលការណ៍ អូនក៏មិនដែលហ៊ានសម្រេចចិត្តខ្លួនឯងឡើយ ហើយអូនក៏ជាមនុស្សស្រីម្នាក់ដែលរឹងមាំនិងបានផ្តល់នូវក្តីស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកផងទាំងពួងផងដែរ បងពិតជាមានមោទនភាពចំពោះអូនខ្លាំងណាស់ ។ គ្រានេះដោយសារមានមតិរិះគន់ដោយអសីលធម៌ពីមនុស្សមួយចំនួន វាពិតជាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនខ្លាំងណាស់ ដោយវាក៏មិនមែនជាកំហុសរបស់អូនឡើយ ហើយអូនក៏មិនបានតបតសូម្បីតែបន្តិចតែទោះស្ថិតក្នុងកាលៈទេសបែបណាក៏ដោយ បងនិងក្រុមគ្រួសារនៅតែស្រលាញ់ និងមានមោទនភាពចំពោះអូនជានិច្ច ” ៕