ករណីការក្លែងបន្លំក្រដាសប្រាក់ហាក់កើតមានឡើងជារឿយៗនៅក្នុងទីផ្សាររូបិយបណ្ឌ មិនថានៅក្នុងប្រទេសកម្ពុជាឬប្រទេសណានោះទេ ជាពិសេសគឺចំពោះក្រដាសប្រាក់ដុល្លារតែម្តង។ ដោយពីមុនមកយើងតែឃើញមានការបន្លំតែអាចនៅមើលដឹងតាមរយៈការស្ទាបនឹងគូសប៊ិច ឬវាយត្រាជាដើម។

ដោយឡែកថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយបុគ្គលិកធនាគារមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបានបង្ហោះវីដេអូពីករណីក្លែងបន្លំក្រដាសប្រាក់របៀបថ្មី ដោយវាមានរូបរាងដូចក្រដាសប្រាក់ពិតប្រាកដដល់ទៅ៩៩%។ ម្ចាស់វីដេអូបានរៀបរាប់ និងពន្យល់ឲ្យដឹងថា ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយសេ៊រីថ្មីនេះគឺស្រដៀងគ្នាទៅនឹងក្រដាសពិតប្រាកដខ្លាំងណាស់ ដោយក្រដាសប្រាក់គឺរលាស់ ស្បែកគ្រើម ថែមទាំងមានស្រមោល តែបើយើងពិនិត្យឲ្យដិតដល់នោះយើងនឹងឃើញខ្សែសុវត្ថិភាពរបស់សាច់ប្រាក់ (ខ្សែឆ្នូតខៀវលើក្រដាសប្រាក់) អ្នកនឹងឃើញថាវាគ្មានចំណាំងផ្លាត (3D) ហើយតែមទឹកប្រាក់វារាងហើបដូចគេកាត់បិទ។

ដោយហ្វេសប៊ុកផេក Baby Love Shop ដែលបានបង្ហោះវីដេអូសរសេររៀបរាប់ថា ៖ “សូមប្រុងប្រយ័ត្នអ្នកលក់គ្នាយើង ក្រដាស់ប្រាក់ដុល្លាបន្លំស៊េរីថ្មីស្ទើរតែដូចតែម្តង – វិដេអូនេះ ពិត ឬមិនពិតយ៉ាងណា ក៏ជាមេរៀនចែករំលែកដ៏ល្អសំរាប់យើងទាំងអស់គ្នា ។ ប្រភពវិដេអូ៖ ទទួលបានពីការចែករំលែកតាម Chat – សូមអរគុណប្អូនស្រីក្នុងដេអូដែលធ្វើការបកស្រាយបានយ៉ាងច្បាស់ងាយស្រួលយល់ និងពិនិត្យ ដោយក្តីគោរពពីហាង Baby Love Shop ” ។ យ៉ាងណាមិញសង្ឃឹមថាបងប្អូនទាំងអស់គ្នាធ្វើការប្រុងប្រយ័ត្ន ជាពិសេសចំពោះបងប្អូនអាជីវករ និងបងប្អូនធ្វើការខាងរាប់លុយ ត្រូវពិនិត្យឲ្យបានម៉ត់ចត់មុននឹងទទួលយកជៀសវាងការខាតបង់ផ្សេងៗ៕