បន្ទាប់ពីក្រុមយុវជនសំរាម បានធ្វើដំណើរទៅប្រទេសថៃដើម្បីទស្សនកិច្ចចំពោះការសំអាតបរិស្ថាននៅក្រុងបាងកក និងរោងចក្រកែច្នៃសំរាមផ្លាស្ទិក រយៈពេល៧ថ្ងៃ ក្រុមយុវជនសំរាមក៏បានចូលរួមជាមួយនឹងស្ថាប័ន GTO academy ( GIVE TO OTHER) ចែករំលែកនូវបទពិសោធន៍ទាក់ទងនឹងការសំអាតបរិស្ថាននៅក្នុងក្រុងភ្នំពេញ កាយសំរាមចេញពីប្រឡាយលូទឹកស្អុយបឹងត្របែក ជាដើម។

ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ ក្រុមយុវជនសំរាមក៏ទទួលបានការបំពាក់ស័ក្តិពីស្ថាប័ន GTO ប្រទេសថៃ ដើម្បីជាការលើកទឹកចិត្តកោតសរសើរសំរាប់ក្រុមយុវជនសំរាម ។ ដោយលោក សាន ដារ៉ាវីត ជាប្រធានយុវជនសំរាម បានសរសេររៀបរាប់ថា ៖ “ពួកយើងបានចូលរួមចែករំលែកនូវរឿងរ៉ាវដែលយើងបានធ្វើនៅកម្ពុជាក្នុងស្ថាប័ន GTO នៅប្រទេសថៃ ។ ក្រៅពីការទទួលយ៉ាងកក់ក្តៅពួកយើងក៏បានទទួលនូវការបំពាក់ស័ក្តិកោតសរសើរសំរាប់ក្រុមយុវជនដែលពិភពលោកត្រូវការ ។ សង្ឃឹមថាប្រវត្តិសាស្រ្តមួយនេះអាចឲ្យយុវជនយើងមានភាពក្លាហានក្នុងការចាប់ផ្តើមធ្វើអ្វីដែលជាក្តីស្រមៃពិតប្រាកដ ។ សូមអរគុណបងប្អូនជនរួមជាតិ ពួកយើងស្រលាញ់អ្នក ” ។

គួររំលឹកផងដែរថាក្រុមយុវជនសំរាម ក៏បានធ្វើការជជែកជាមួយនឹងម្ចាស់់រោងចក្រកែច្នៃសំរាមផ្លាស្ទិកនៅថៃ រហូតទទួលបានការយល់ព្រមពីសំណាក់ម្ចាស់រោងចក្រថានឹងតំឡើងរោងចក្រនៅកម្ពុជា ជារោងចក្ររកែច្នៃផ្លាស្ទិក ឲ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ ៕