កាលពីវេលាម៉ោង ១ និង ៥០នាទី ឆ្លងចូលថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៩ យប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅឯមាត់ទន្លេត្រើយម្ខាងបរិវេណមុខសណ្ឋាគារសុខាភ្នំពេញ ដោយមានបុរសម្នាក់ជិះម៉ូតូលឿនស្លេវ រេចង្កូតមកប៉ះនឹងរថយន្តតារាសម្តែងស្រី ឆៃលី ដាឡែន ពេញមួយទំហឹងបណ្តាលឲ្យរងការខូចខាតជាខ្លាំង។ អ្នកនាង ឆៃលី ដាឡែន បានរៀបរាប់ឲ្យដឹងថា «ដំបូងឡើយអ្នកនាងមកអង្គុយលេងនៅត្រើយម្ខាងជាមួយប្អូនស្រីគាត់ កំពុងតែរៀបចំឥវ៉ាន់ទៅផ្ទះស្រាប់តែឮសម្លេងម៉ូតូជិះឡើងលឿនចេញពីផ្លូវកោងមកបុកឡានអ្នកនាងមួយទំហឹង ដែលកំពុងចតចោលនៅចិញ្ចើមផ្លូវ។

ដោយម្ចាស់ម៉ូតូបានរងរបួសរលាត់ដៃ ជើង និងបាក់មេដៃ ហើយគាត់ក៏បានបានទទួលស្គាល់ថា គាត់បានខុសព្រោះគាត់ជិះគេចឡានសំរាមជ្រុលចង្កូតមកបុកនឹងឡានអ្នកនាង ឆៃលី ដាឡែន។ ហើយក្រោយមកអ្នករបួសក៏បានបញ្ជូនទៅមន្ទីរពេទ្យដោយមានក្រុមគ្រួសារចេញមុខមកដោះស្រាយជំនួស។ យ៉ាងណាមិញដោយមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយអ្នកនាង ឆៃលី ដាឡែន គ្រាន់តែចង់ឲ្យម្ចាស់ម៉ូតូចូលខ្លួនមកសុំទោស និងព្រមទទួលកំហុសដើម្បីបញ្ចប់រឿងនេះ»។ អ្នកនាង ឆៃលី ដាឡែន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផងដែរថា «អស់នៅ? ? ? ? ? ហេតុអីក៏ចូលមកក្នុងជីវិតខ្ញុំច្រេីនម៉្លេះ? សុំអង្វរខ្ញុំហត់ហេីយ​ ខ្ញុំចង់លេីកផ្លាកថា ខ្ញុំទទួលលែងបានទៀតហេីយ​ វាធ្ងន់ណាស់សំរាប់ខ្ញុំ»៕ ប្រភពរូបភាព៖ អ្នកប្រម៉ាញ់ ក្នុង ស្រុក