ថ្មីៗនេះផ្ទុះការរិះគន់ជាថ្មីម្តងទៀតចំពោះកម្មវិធី ឋានសួគ៌ និង ឋាននរក ក្រោយពេលដែលចេញសំនួរសួរថា តើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្ត្រមានរយៈពេលប៉ុន្មានថ្ងៃ ដោយចម្លើយមាន ១៥ថ្ងៃ ៣០ថ្ងៃ ៣៥ថ្ងៃ និង ៤០ថ្ងៃ។ ស្រាប់តែមហាជនបានលើកឡើងថាចម្លើយត្រឹមត្រូវនោះគឺតែ ២១ថ្ងៃ តែប៉ុណ្ណោះ។ ក្រោយមករឿងរ៉ាវខ្សឹបខ្សៀវនៃការរិះគន់ចាប់ផ្តើមកើតមានសារជាថ្មី ខណៈពេលដែលរឿងសំនួរពាក់ព័ន្ធនឹងផ្លូវគោកទើបស្ងប់ស្ងាត់មិនបានប៉ុន្មានថ្ងៃផង។

ក្នុងនោះតារាសម្តែងលោក អ៉ឹម ជីវ៉ា ក៏បានចេញមុខបកស្រាយ និងសំណូមពរនៅក្នុងបណ្តាញសង្គមផងដែរថា «សូមមេត្តាកុំរិះគន់ ៣០ ថ្ងៃត្រូវហើយ នីតិកាលទី៥​ ឆ្នាំ២០១៣ ឃោសនាមានរយៈពេល ៣០ថ្ងៃ​ ក្រោយមកការឃោសនាបោះឆ្នោតតំណាងរាស្រ្ត២០១៨ ត្រូវបន្ថយមកត្រឹមតែ​រយៈពេល២១ថ្ងៃវិញ ប្រហែលជាកម្មវិធីយកឯកសារយោង ពី ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០២ ជំពូក ៧ មាត្រា៧២ មកដាក់ជាសំនួរហើយ! ប្រហែលជាកម្មវិធីយកតាមច្បាប់ចាស់ បើច្បាប់ចាស់ត្រឹមត្រូវ តែបើច្បាប់ថ្មីខុសហើយ។

ខ្ញុំសុំសំណូមពរដល់កម្មវិធីលំដាប់ពិភពលោក ឋានសួគ៌ ឬ ឋាននរក សូមមេត្តាកុំសួរសំនួរប្រយោល ដែលគ្មានមូលដ្ឋានច្បាស់លាស់មានន័យថាបើគេបង្កើតច្បាប់ថ្មីត្រូវយកច្បាប់ថ្មីមកអនុវត្តន៍លើកសួរជាសំនួរមិនមែនយកអាចាស់មកសួរទេ ដើម្បីជៀសវៀងភ័ណ្ឌច្រលំដែលកើតអោយអោយមានការរិះគន់ សូមអរគុណ»៕