សំណាង អាលីណា ជាបវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ (Miss Universe Cambodia) ដែលមានរូបសម្រស់ស្រស់ស្អាតជាមួយរាងតូចច្រឡឹងគួរឲ្យស្រលាញ់។ ក្រោយពេលទទួលបានជ័យលាភីនាងហាក់ទទួលបានទីផ្សារការងារជាច្រើន ដោយមានទាំងការបង្ហាញម៉ូដ ថតផ្សាយសម្អាងការ ក្រៅពីនេះនាងក៏បានចូលរួមកម្មវិធីជួយសង្គមជាច្រើនដូចជាការចែកអំណោយសប្បុរសធម៌ រើសសំរាមសម្អាតបរិស្ថាន និងកិច្ចការជាច្រើនទៀត។

ក្នុងនោះផងដែរថ្មីៗនេះស្ថាប័នបវកញ្ញាចក្រវាលកម្ពុជា ក៏បានបង្ហាញរូបថតរបស់បវកញ្ញា សំណាង អាលីណា មកបង្ហាញដល់អ្នកគាំទ្រកម្ពុជា ដោយបង្ហាញពីប្រវត្តិការសិក្សា និងការងាររបស់នាងនាពេលបច្ចុប្បន្ន។ បវកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា មានអាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ សិក្សា២មុខជំនាញ គឺ សិក្សាអន្តរជាតិ និងច្បាប់ ។ គោលបំណងរបស់នាងគឺចង់ក្លាយជាអ្នកការទូតហើយបម្រើប្រជាជនកម្ពុជាជុំវិញពិភពលោក។

កញ្ញាជាអ្នកនិយាយភាសាអង់គ្លេសស្ទាត់ជំនាញមានចំណេះដឹងខ្ពស់ បច្ចុប្បន្នជាអ្នកស្ម័គ្រចិត្តនៅ NagaWorld Kind Hearts ធ្វើការសួរសុខទុក្ខនៅតាមសាលាបឋមនានាទូទាំងប្រទេសកម្ពុជា និងគាំទ្រកម្មវិធីលើកកម្ពស់ការអប់រំ។ សំណាង អាលីណា ជឿថាការអប់រំគឺជាកត្តាជំរុញនាំឲ្យប្រទេសជាតិមានការរីកចំរើន ហើយនាងក៏សង្ឃឹមថានាងនឹងក្លាយជាសំលេងរបស់យុវជនកម្ពុជាក្នុងការលើកកម្ពស់ សារៈសំខាន់នៃការអប់រំ។ សំណាង អាលីណា ជានារីកម្ពុជាទី៣ ដែលត្រៀមខ្លួនតំណាងកម្ពុជាទៅប្រកួតបវកញ្ញាចក្រវាល (MISS UNIVERSE) នៅចុងឆ្នាំ២០១៩៕ (រូបថតដោយស្ទូឌីយោលុច្ស) ប្រភព៖ MISS UNIVERSE CAMBODIA