ជឿជាក់ថាបងប្អូនជាច្រើនមុខជាធ្លាប់បានស្តាប់ចម្រៀងបទ “Dark Horse” របស់តារាចម្រៀងស្រីល្បីឈ្មោះ Katy Perry ជាក់ជាមិនខាន ដោយចម្រៀងមួយបទនេះបានចេញផ្សព្វផ្សាយកាលពីដើមឆ្នាំ២០១៤ ដោយមានអ្នកចូលទៅទស្សនាក្នុងប្រព័ន្ធផ្សព្វផ្សាយយូធូបរាប់ពាន់លាននាក់។

ស្រាប់តែថ្មីៗនេះផ្ទុះរឿងចម្រូងចម្រាស់មួយក្រោយតារាចម្រៀង Marcus Gray ដែលភាគច្រើនត្រូវបានគេហៅថា Flame បានទាមទារស្នើសុំឲ្យតារាចម្រៀងស្រីព្រមជាមួយក្រុមការងារទាំងអស់បង់ប្រាក់ឲ្យខ្លួនចំនួន ២ លាន ៧សែនដុល្លារ ជារង្វាន់លួងចិត្តដែលរូបនាងនិងក្រុមការងារបានរំលោភបំពានច្បាប់កម្មសិទ្ធបញ្ញាចម្លងចង្វាក់ភ្លេងពីបទចម្រៀងរ៉េបមួយបទរបស់លោក។ តារាចម្រៀងប្រុស Marcus Gray បាននិយាយថា Beat បទភ្លេងនៅក្នុង Joyful Noise របស់លោកត្រូវបានគេយកទៅប្រើប្រាស់ក្នុងបទ Dark Horse របស់ Katy Perry។

ដោយឡែកតារាចម្រៀងស្រី Katy Perry បានឆ្លើយតបនឹងអះអាងថាចម្រៀងមួយបទនេះគឺជាស្នាដៃនិពន្ធថ្មីសុទ្ធសាធ ដែលធ្វើឡើងដោយអ្នកនិពន្ធ និងអ្នកផលិតចម្រៀងរបស់នាង។ បទ Dark Horse នេះ បានរកចំណូលឲ្យក្រុមហ៊ុន Capitol Records ចំនួនជាង ៣១លានដុល្លារ ខណៈពេលដែល Katy Perry ទទួលបានចំណូលចំនួនប្រមាណ ៣លាន២សែនដុល្លារ។

យ៉ាងណាមិញនៅថ្ងៃទី១ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Capitol Records ត្រូវបានពិន័យជាចំនួនទឹកប្រាក់ ១លាន២សែនដុល្លារ ចំណែកKaty Perry ត្រូវបង់ចំនួន ៥៥ម៉ឺនដុល្លារអាមេរិក ខណៈពេលដែលផលិតករ អ្នកសរសេរ និងក្រុមការងារដែលពាក់ព័ន្ធទាំងអស់គឺជាអ្នកចេញចំនួនទឹកប្រាក់ដែលនៅសល់ឲ្យគ្រប់ចំនួនប្រាក់ពិន័យ ២លាន៧សែនដុល្លារអាមេរិក៕