កាលពីប៉ុន្មានខែមុននេះ អតីតតារាកំប្លែង តាក់ស៊ី បានសាងផ្នួសចូលបម្រើក្នុងព្រះពុទ្ធសាសនា នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នៅមុននេះបន្តិច ព្រះ​តេជគុណ តាក់ ស៊ី បានធ្វើការប្រកាសជាសាធារណៈថា ព្រះ​តេជគុណនឹងលាចាកសិក្ខាបទវិញ ដោយសារសុខភាពរបស់ព្រះ​តេជគុណចុះខ្សោយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះ​តេជគុណ តាក់ ស៊ី បានមានសង្ឃដិកាថា នៅអំឡុង៧-១០ថ្ងៃចុងក្រោយនេះ អាការសុខភាពរបស់ព្រះ​តេជគុណទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារតែមិនអាចទ្រទ្រង់ និងមិនអាចបន្តទៅទៀតបាន ដូច្នេះព្រះ​តេជគុណ តាក់ ស៊ី ក៏បានសម្រេចលាចាកសិក្ខាបទតែម្តង ដើម្បីថែទាំសុខភាព។

ព្រះ​តេជគុណ តាក់ ស៊ី មានសង្ឃដិកាទៀតថា ដំបូងឡើយដោយសារមិនបានដឹងពីវិន័យសង្ឃច្បាស់ (គឺមិនអាចឆាន់អាហារពេលល្ងាចបាន) គាប់ជួនព្រះ​តេជគុណមានសុខភាពមិនល្អប្រសើរ ហើយថែមទាំងមិនអាចឆាន់អាហារពេលល្ងាចផងនោះ ទើបធ្វើឲ្យអាការជំងឺទឹកនោមផ្អែមរបស់ព្រះ​តេជគុណកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយ។ ព្រះ​តេជគុណ តាក់ ស៊ី មានសង្ឃដិកាបញ្ជាក់ទៀតថា ទោះបីលាចាកសិក្ខាបទក៏ពិតមែន ប៉ុន្តែព្រះ​តេជគុណនៅតែបន្តធ្វើបុណ្យរហូត ក្រោយពេលមានសុខភាពល្អប្រសើរវិញ ហើយការលាចាកសិក្ខាបទនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃច័ន្ទខាងមុខនេះ។

បើយោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក Nov Reth បានឲ្យដឹងថា “រយៈពេលជិតមួយអាទិត្យហើយ អាការៈរបស់លោកម្ចាស់ តាក់ ស៊ី ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូស្បើយសោះ មិនដឹងថាលោកអាចទប់ជាមួយនិងអាការៈបែបនេះបានតរទៅទៀតឬអត់ទេ តែបើយ៉ាងនេះ អាត្មាមានការព្រួយចំពោះលោកខ្លាំងណាស់ មិនជួយអ្វីបានទេបានតែត្រឹមអាណិតប៉ុណ្ណោះ”៕