សុខ រ៉ាស៊ី ពិធីករឆ្នើមមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានបម្រើការនៅស្ថានីយទូរទស្សន៍ហង្សមាស ដែលក្តោបក្តាប់កម្មវិធីធំៗជាច្រើនដូចជាកម្មវិធីសំនួរប្រាក់ពាន់ដុល្លារ ឋានសួគ៌ និង ឋាននរក, កម្មវិធី I Can See Your Voice Cambodia ជាដើម។ ក្រៅពីអាជីពជាពិធីករលោក សុខ រ៉ាស៊ី ក៏ជាតារាសម្តែងមួយរូបផងដែរដោយលោកតែងលេចមុខក្នុងចម្រៀងកាយវិការ និងខ្សែភាពយន្តភាគទូរទស្សន៍ជាច្រើន។

យ៉ាងណាមិញថ្មីៗនេះអ្នករត់កង់បីឥណ្ឌាម្នាក់បានធ្វើឲ្យ ពិធីករឆ្នើមរូបនេះសរសើរមិនដាច់ពីមាត់ រហូតសុំថតរូបជាមួយព្រោះតែគាំទ្រនូវគំនិតច្នៃប្រឌិតរបស់គាត់។ លោកបានសរសេររៀបរាប់ឲ្យដឹងថា «ជិះ PassApp បានជួបគាត់ ពិតជាមានមោទនភាពណាស់! បងប្រុសម្នាក់នេះគាត់តែងតែរើសសំបកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់អោយទីក្រុងយើង បាត់សោភ័ណ្ឌភាពទេ!

គាត់តែងអោយលុយទៅកុមារតូចៗដែល តែងតែជួយរើសកំប៉ុងតាមផ្លូវអោយគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់មុឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប! មានជនបរទេសជាច្រើនពេលជិះ PassApp គាត់ ពួកគេបានសុំថត និង សុំទិញខោអាវនេះ ដោយអោយតម្លៃថ្លៃណាស់ តែគាត់មិនលក់នោះទេ! គាត់ថា៖ គាត់ត្រូវតែ ទុកជា ខោអាវនេះ ជានិមិត្តរូប ថា «ជនជាតិខ្មែរយើង ស្រឡាញ់ និង ការពារបរិស្ថានណាស់!»៕