ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមដោយមានក្មេងប្រុសស្រីពីររូប ពីរនាក់បងប្អូនដើរលក់ក្រអៅឈូក ជាមួយខ្ចៅ ខ្យង រកលុយយកឲ្យយាយទិញអង្ករញ៉ាំ។ យោងតាមប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Siek Bunnary បានឲ្យដឹងថា៖ «នៅជាមួយយាយចាស់ក្នុងបន្ទប់ជួលគេ រកអង្ករច្រកឆ្នាំងដោយសារ បេះក្រអៅឈូក រើសខ្ចងក្តាមលក់ ពេលលក់មិនដាច់ មកវិញយកក្រអៅឈូកនោះឆាហូបបាយតែម្តង។

នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានក្មេងពីរនាក់បងប្អូនជាក្មេងកំព្រាម្តាយ នៅជាមួយយាយចាស់ ដើររកខ្យងក្តាម បេះក្រអៅឈូក បេះត្រកួនស្រែ បេះស្លឹកបាស់ លក់យកលុយទិញអង្ករចិញ្ចឹមឪពុកដែលឆ្កួត នៅក្នុងបន្ទុកជាមួយយាយនៅបន្ទប់ជួល។ ក្នុងនោះក្មេងប្រុសដែលជាបងបាននិយាយថា តាំងពីកើតមកមិនដែលឃើញមុខម៉ែមុខម៉េចទេ ហើយម៉ែក៌មិនដែលមកលេងឬផ្តល់ដំណឹងថានៅណានៅណី ឬផ្ញើលុយឲ្យចាយដែរ។

បើពួកគេនឹកម៉ែវិញគឺពួកគេយកទ្រូងយាយកើយជំនួសទ្រូងម៉ែ បំបាត់ភាពនឹក រីឯការហូបចុកមិនគ្រប់គ្រាន់ទេ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ខោអាវស្លៀកពាក់តែរបស់ដែលសល់ហើយគេឲ្យទេ ចាស់ឬដាច់ក៏ពាក់ដែរ។ ដោយឃើញការតស៊ូរបស់ក្មួយៗទាំងមិនទាន់ដឹងក្តីបែបនេះខ្ញុំបាទដែលជាអ្នកជួបផ្ទាល់សូមលើកដៃសំពះសុំអំពាវនាវដល់បងប្អូនសប្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសមេត្តាជួយជាអង្ករ១០គីឡូ ឬ១បាវដល់ក្មួយៗផង។ លេខទំនាក់ទំនង ០១២ ៥៤ ០៤ ០១/០៩៦ ៧០ ៨០ ០០៧ សូមអរគុណបងប្អូនដែលជួយ Share ដើម្បីជួយ»៕

ប្រភព៖ Siek Bunnary