បាន មុន្នីល័ក្ខ តារាចម្រៀងស្រីដែលមានដើមកំណើតចេញមកពីការប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១។ បើទោះជាមិនបានលើកពានជ័យលាភីក៏ពិតមែន តែសមត្ថភាព និងសម្លេងច្រៀង ជាមួយអត្តចរិកគោរពឱនលំទោនរបស់នាង បានធ្វើឲ្យរូបនាងលេចធ្លោជាខ្លាំងក្នុងបណ្តាញសង្គមសិល្បៈ ជាពិសេសក្នុងអាជីពច្រៀង Cover ក្នុងបណ្តាញសង្គម។

ថ្មីៗនេះ បាន មុន្នីល័ក្ខ បានកាន់កាប់តួនាទីធំជាលើកដំបូង ដោយនាងត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី តន្រ្តីមិត្តភាពអាស៊ានទាំង១០ប្រទេស នៅឯមហោស្រប ASRA ក្រុងបាងកក ប្រទេសថៃ។ ក្នុងនាមជាតារាចម្រៀងស្រីតំណាងព្រះរាជាណាចក្រកម្ពុជា បាន មុន្នីល័ក្ខ បានធ្វើបានយ៉ាងល្អ​ដោយនាងហាក់មានភាពលេចធ្លោជាខ្លាំង ជាពិសេសគឺទទួលបានការកោតសរសើរពីសំណាក់មហាជនតែម្តង៕