កាលពីប៉ុន្មានថ្ងៃមុននេះ ព្រះតេជគុណ តាក់ស៊ី ដែលជាអតីតតារាកំប្លែងមានប្រជាប្រិយភាពបានធ្វើការប្រកាសជាសាធារណៈឲ្យដឹងថា ព្រះ​តេជគុណនឹងលាចាកសិក្ខាបទវិញ ដោយសារសុខភាពរបស់ព្រះ​តេជគុណចុះខ្សោយទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះ​តេជគុណ តាក់ ស៊ី បានមានសង្ឃដិកាថា នៅអំឡុង៧-១០ថ្ងៃចុងក្រោយនេះ អាការសុខភាពរបស់ព្រះ​តេជគុណទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារតែមិនអាចទ្រទ្រង់ និងមិនអាចបន្តទៅទៀតបាន ដូច្នេះព្រះ​តេជគុណ តាក់ ស៊ី ក៏បានសម្រេចលាចាកសិក្ខាបទតែម្តង ដើម្បីថែទាំសុខភាព។

យ៉ាងណាមិញនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះព្រះតេជគុណ តាក់ស៊ី បានលាចាកសិក្ខាបទហើយ ដែលធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំង ព្រោះតែមានបញ្ហាសុខភាព បួសបានត្រឹមរយៈពេលខ្លី ទាំងដែលចិត្តស្រលាញ់ព្រះពុទ្ធសាសនាជាខ្លាំង។ គួររំលឹកឲ្យដឹងផងដែរថា អតីតតារាកំប្លែងល្បីឈ្មោះរូបនេះបានចូលសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយលោកបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីបម្រើព្រះធម៌៕