ក្រោយពេលផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។

ក្នុងនោះតារាចម្រៀងជើងចាស់ ម៉ៅ ស៊ីណាត ម្ចាស់បទ “ទឹកភ្នែកជីដូនកាកី” ក៏បានបញ្ចេញយោបល់នៅក្នុងបណ្តាញសង្គមដូចគ្នាថា៖ «២១ ឆ្នាំក្នុងអាជីពសិល្បៈ ខ្ញុំសូមចេញយោបល់តិច ហត់នឹងសង្គមតែស្ករ អត់យល់ មើលមិចថាគេរើសអើងគាត់ បើអ្នកស្ថិតក្នុងស្ថានភាពនោះ ហើយពេលគេតម្រូវអោយមនុស្ស៣នាក់ ដោយមានអ្នកក្នុងចំណោម៣នាក់នោះ ឈានមកមុខមួយជំហាន រួចគេប្រកាសថាបានជាប់ តើអ្នកស្ទុះទៅអោបគ្នាដែលជាប់ដូចគ្នា ឬ ប្រកាសហើយរត់ទៅអោបអ្នកមិនទាន់ដឹងពីលទ្ធផល។ មើលយ៉ាងមិចថាគណកម្មការរើសអើង មើលមិចថាគេមើលងាយគាត់ បើគេរើសអើង គេអោយគាត់ដល់ជាប់ដល់វគ្គនឹងទេ បើគាត់ស្លៀកចេញមកមិនសមអ្នកសិល្បៈបែបនឹង អត់យល់សង្គមតែស្ករ។ សួរមួយម៉ាត់ តើកម្មវិធីនឹង គេប្រលងចម្រៀងយកសំលេង យកទេពកោសល្យ ឬ យកក្ដីអាណិត ឆ្លើយផងអ្នកតែស្ករ»

អ្នកនាង ម៉ៅ ស៊ីណាត បានបន្ថែមថា៖ «បើបងប្អូនអាណិតគាត់មែន សូមក្តីមេត្តាអាណិត បង្កើតមុខរបរឲ្យគាត់ទៅ»៕