ស្របពេលដែលរឿងមហាជនជាច្រើនបានបង្ហាញក្តីអាណិតអាសូរដល់បេក្ខនារី X Factor Cambodia លៀង ចាន់ឡា កញ្ញា សម្បត្តិ សុក្រសុវណ្ណកេសរ ដែលត្រូវគេស្គាល់ថាជា Catherine Harry និងជាម្ចាស់ហ្វេសប៊ុកផេក A Dose of Cath ក៏បានបញ្ចេញយោបល់ក្នុងបណ្តាញសង្គមដូចគ្នា។

ដោយនាងបាននិយាយថា៖ «មនុស្សស្រីទាល់តែមានរូបរាងដូចអ្វីដែលសង្គមគិតថាស្អាត ទើបទទួលបានជោគជ័យមែន? មានបានគិតពីសារដែលយើងបានបញ្ជូនទៅក្មេងស្រីផ្សេងទៀតនៅជុំវិញប្រទេស ជុំវិញពិភពលោកអត់? និយាយថាអាណិតគាត់ដោយសារតែគាត់មានរូបរាង មុខមាត់មិនដូចអ្វីដែលយើងចូលចិត្ត។ តើហេតុអ្វីបានជាយើងមិនសាទរនូវទេពកោសល្យរបស់គាត់ ហើយបែរជាផ្តោតទៅលើមុខមាត់របស់គាត់វិញ? ការដែលយើងដាក់សម្ពាធឲ្យគាត់ទៅធ្វើការកែប្រែមុខមាត់គាត់បែបនេះ គឺដូចជាយើងកំពុងតែប្រាប់ទៅក្មេងស្រីផ្សេងទៀតថា ទាល់តែគាត់មានរូបរាង មុខមាត់បែបនោះទើបគាត់អាចជោគជ័យបាន។ សមត្ថភាពរបស់គាត់ ការខិតខំរបស់គាត់មិនសំខាន់ទេ។ ទាល់តែគាត់មានមុខមាត់ដូចអ្នកដែលយើងឃើញនៅលើទូរទស្សន៍ទើបបានគេទទួលស្គាល់។

នេះយើងកំពុងតែនិយាយពីអ្នកដែលត្រូវចំណាយរយៈពេលរាប់ម៉ោងនៅមុខកញ្ចក់តែងខ្លួនទើបមានមុខមាត់បែបនេះ។ យើងកំពុងតែនិយាយពីអ្នកដែលត្រូវបានអ្នកកាត់ត Airbrush រូបរាងរាប់ម៉ោងទើបមើលទៅឃើញអត់ខ្ចោះ។ សូម្បីតែ Victoria’s Secret Models ក៏មិនដូចអ្វីដែលយើងឃើញដែរនៅពេលដែលគេនៅផ្ទះ ឬទើបងើបពីគេង។ ប្រព័ន្ធផ្សព្ធផ្សាយគួរតែឈប់បញ្ជូនសារបែបនេះ កំណត់ស្តង់ដាសម្រស់ទៀតទៅ។

មនុស្សយើងអ្នកណាក៏មានចំណុចស្អាតរាងខ្លួន។ អ្វីដែលយើងគិតថាស្អាត គឺខុសៗគ្នា ហើយយើងគួរតែផ្តោតទៅហួសពីរូបរាងខាងក្រៅ។ សួរមើលថា តើយើងចង់ទៅនិយាយទៅប្រាប់កូនស្រីយើង បងប្អូនស្រីយើង ឬអ្នកជាទីស្រឡាញ់ដែលជាមនុស្សស្រីនៅក្នុងជីវិតរបស់យើងថា អ្វីដែលពួកគាត់ធ្វើមិនសំខាន់ទេ ប្រសិនបើគាត់មិនមានមុខអក្សរ V ឬច្រមុះដូចតុក្កតា? តើគិតថាគាត់សប្បាយចិត្តទេ? អ្វីដែលយើងកំពុងតែធ្វើ កំពុងតែនិយាយ គឺដូចជាប្រាប់ពួកគាត់បែបនោះ។

ចាន់ឡា គឺជាមនុស្សដែលមានសមត្ថភាព ពូកែ តស៊ូ ហើយចំណុចទាំងនោះគឺជាអ្វីដែលធ្វើឲ្យគាត់ស្អាត ខ្លាំងពូកែ មិនមែនរូបសម្រស់ដែលនឹងផ្លាស់ប្តូរក្នុងរយៈពេល១០ឆ្នាំទេ។ ប៉ុន្តែយើងបានធ្វើឲ្យគាត់មិនទុកចិត្តលើខ្លួនឯង បានធ្វើឲ្យមនុស្សស្រីផ្សេងទៀតដែលរូបរាងដូចគាត់មិនទុកចិត្តលើខ្លួនឯង។ ធ្វើបែបនេះហើយ យើងបែរជាមករអ៊ូថា មនុស្សស្រីសម័យនេះសុទ្ធតែ Plastic។ តែមានគិតអត់ថា យើងនេះហើយជាអ្នករួមចំណែកឲ្យពួកគាត់លែងស្រឡាញ់នូវអ្វីដែលគាត់មាន?»៕