យោងតាមការប្រកាសជាផ្លូវការរបស់ស្ថាប័នបវកញ្ញាកម្ពុជា កញ្ញា ប៉ូគឹមថេង សុធីតា ជ័យលាភីរងទី ៣ កញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ បានក្លាយជា កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា (Miss Asia Pacific International Cambodia 2019)នឹងតំណាងកម្ពុជាចូលរួមប្រកួតបវរកញ្ញា Miss Asia Pacific International ឆ្នាំ ២០១៩ ។ កញ្ញា ប៉ូគឹមថេង សុធីតា មានអាយុ២២ឆ្នាំ ជាតារាបង្ហាញម៉ូដក្រៅម៉ោងមកពីរាជធានីភ្នំពេញ។ ហើយកញ្ញាបានទទួលនូវបទពិសោធន៍ជាច្រើន ទាំងក្នុងការប្រកួតបង្ហាញម៉ូដ និង ការប្រកួតផ្នែកសម្រស់ ដោយកញ្ញាធ្លាប់តំណាងអោយកម្ពុជាពីកម្មវិធីមកហេីយមានដូចជា កាលពីឆ្នាំ២០១៧ នាងបានជាប់ 3rd Runner up Miss city tourism world ក្នុងការប្រកួត Miss Tourism World នៅឯប្រទេសចិន និងឆ្នាំ២០១៨ នាងក៏តំណាងអោយកម្ពុជាម្ដងទៀតក្នុងកម្មវិធី Asia Model Festival នៅឯប្រទេសកូរ៉េខាងត្បូង ។

កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិកម្ពុជា ប៉ូគឹមថេង សុធីតា ធ្លាប់ទទួលរងការមើលងាយកាលពីកុមារភាព ដោយសារគ្រួសាររបស់ខ្លួនបែកបាក់គ្នាគឺឪពុកម្តាយលែងលះ ហើយបងស្រីរបស់កញ្ញាត្រូវឱ្យទៅគេចិញ្ចឹម។ ក្នុងពេលវេលាដ៏សំខាន់នេះ ភាពរឹងមាំគឺជាជម្រើសតែមួយគត់របស់កញ្ញា។ កញ្ញា សុធីតា បាននិយាយ នៅក្នុងខណៈពេលដែលកញ្ញាត្រៀមសម្រាប់បេសកកម្មរបស់ខ្លួន គឺការក្រោកឈរប្រឆាំងការបៀតបៀន និងលើកទឹកចិត្តកុមារកំព្រាកុំអោយបាត់បង់ក្តីសង្ឃឹមថា ៖ “ការក្លាយជាកញ្ញាឯកមួយរូប បានផ្តល់នូវឱកាសសម្រាប់នាងខ្ញុំ ក្នុងការផ្ញើសារក្តីសង្ឃឹម សេចក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់ទៅកាន់អ្នកដទៃទៀត។ នាងខ្ញុំមានអារម្មណ៍ផ្សារភ្ជាប់នឹងកុមារកំព្រាខ្លាំងណាស់ ហើយនាងខ្ញុំក្រោកឈរប្រឆាំងនឹងការធ្វើបាបគ្រប់យ៉ាង ដូចដែលនាងខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមក”។ កម្មវិធីប្រកូត កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិឆ្នាំ ២០១៩ មានភ្ជាប់មកជាមួយនឹងពាក្យស្លោក “សម្រស់ក្នុងភាពសម្បូរបែប” ដែលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលមានប្រទេសជាង ៧០ ចូលរួម៕ ប្រភព ៖ Miss Cambodia