អ្នកនិពន្ធបទចម្រៀងល្បីឈ្មោះលោក ទ្រី សក្កដា បានបង្ហាញអារម្មណ៍អស់សង្ឃឹម បន្ទាប់ពី Channel YouTube របស់លោកដែលទើបតែបង្កើតថ្មីឈ្មោះ SAKADA MUSIC ត្រូវបានបាត់ជាលើកទី២។ លោក ទ្រី សក្កដា បានធ្វើការបញ្ជាក់នៅក្នុងវីដេអូ live ថា ដោយសារតែលោកស្លូតពេក មានអ្នកលួចចម្រៀងលោកទៅបង្ហោះ តែលោកមិនដែលមានចិត្តចង់រករឿង រីផត អ្វីឡើយ ដោយគិតថាជាការចែកចាយបទចម្រៀងទៅកាន់ទស្សនិកជន។ តែលោកនឹកស្មានមិនដល់ថាជនអគតិមួយចំនួនដែលយកចម្រៀងលោកទៅបង្ហោះហើយ បែរជាមករីផត Channel YouTube របស់លោកជាលើកទី២ ធ្វើឲ្យលោកមានការខឹងសម្បារនិងសោកស្តាយជាខ្លាំង។ អ្នកនិពន្ធចម្រៀងរូបនេះក៏បានឲ្យដឹងថា Channel YouTube ចាស់របស់លោកដែលមាន179k Subscribers ក៏ត្រូវគេរីផត លោកសុខចិត្តបង្កើតថ្មី ហើយខិតខំថត MV បទ បើបងបាត់ការចងចាំ យកទៅបង្ហោះក្នុងChannel YouTube ថ្មីដើម្បីទទួលបានការគាំទ្រការចុចជាវពីបងប្អូន ប៉ុន្តែបង្ហោះមិនទាន់បានប៉ុន្មានក៏ត្រូវគេរីផតឲ្យបាត់ជាលើកទី២។
ដោយលោក បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “អ្នកឈ្នះខ្ញុំហេីយ អ្នកក្លាយជាម្ចាស់កម្មសិទ្ធបញ្ញាលេីបទនេះហេីយ អ្នកអាចទាញខ្ញុំធ្វេីជាទាសកររបស់អ្នកហេីយ ! Channel ចាស់ខ្ញុំ 179k Subscribers ខ្ញុំសុខចិត្តលុបចោល ខំចាប់ផ្តេីមអាថ្មីពីចំណុចសូន្យ។ ខ្ញុំពិតជាហត់នឿយ ហត់ខ្លាំង ហត់ដល់ថ្នាក់មិនដឹងនិយាយយ៉ាងម៉េចឱ្យសម ! កម្លាំងញេីសឈាមខ្ញុំ ជិះទៅថត កាត់ព្រៃ កាត់សមុទ្រ អត់បាតអត់ទឹក អត់បានដេកអត់បានពួន តែចុងក្រោយអ្នកទាំងនេះបានបំផ្លាញ Channel YouTube ខ្ញុំជាលេីកទីពីរ ! ព្រឹកមិញ ខ្ញុំចង់ស្រក់ឈាម ! លួចទៀតទៅ លួចឱយឆ្អែតទៅ បន្តិចទៀតអ្នកលែងបានលួចហេីយ ពេលរលាយខ្ញុំបាត់ពី YouTube នេះ”៕