ខេមរៈ សិរីមន្ត តារាចម្រៀងប្រុសដែលមានប្រជាប្រិយភាព មានបទពិសោធន៍សិល្បៈមកជាង១០ឆ្នាំ និងជាគណៈកម្មការឆ្នើមមួយរូបក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia។ ថ្មីៗនេះខេត្តមួយចំនួននៃប្រទេសកម្ពុជាបានរងគ្រោះទឹកជំនន់ ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ប្រមុខដឹកនាំ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

ស្របពេលជាមួយគ្នានេះដែរ យើងសង្កេតឃើញមានតារាប្រុសស្រីជាច្រើននាក់បានបង្ហោះសារជូនពរ ដោយភ្ជាប់ជាមួយពាក្យថា Pray For Cambodia ដើម្បីឲ្យជៀសផុតពីគ្រោះទឹកជំនន់មួយនេះក្នុងពេលឆាប់ៗ។ ក្នុងនោះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារដូចគ្នា ដោយលោកថែមទាំងបានចែករំលែកនូវបទចម្រៀងចាស់របស់លោកដែលចេញកាលពីឆ្នាំ២០១៨ ចំណងជើងថា “ឱ!ទឹកជំនន់អើយ” អមដោយសារថា៖ «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដែលរងគ្រោះដោយទឹកជំនន់ទាំងខេត្តព្រះសីហនុ និងខេត្តរតនៈគិរី រួមនឹងខេត្តផ្សេងៗទៀត ដែលមានផលប៉ះពាល់ សូមបូងសួងដល់ទេវតាអោយជួយតាមថែរក្សាពួកគាត់បានរួចផុតពីគ្រោះទឹកជំនន់នេះផង»៕