ជឿជាក់ថាបងប្អូនភាគច្រើនមុខជាធ្លាប់បានស្តាប់ ធ្លាប់បានឮនូវចម្រៀងចាស់ៗកាលពីសង្គមដូចជាបទ “ស្នេហ៍បាត់សម្រស់”, “ស្នេហ៍ក្រោមម្លប់ជ្រៃ”, “អនុស្សាវរីយ៍ភ្នំក្រាំងដីមាស”, “ខ្ញុំមិនសុខចិត្តទេ” ជាដើម។ ដោយបទចម្រៀងទាំងនេះសុទ្ធសឹងតែជាស្នាដៃនិពន្ធទំនុកច្រៀងដោយអ្នកស្រី ម៉ុក​ ចាន់មាលី​​ ដែលជាកវីនិពន្ធកាលពីជំនាន់សង្គមពីដើម ដោយសារតែជួបរបបប្រល័យពូជសាសន៍ អ្នកស្រីបានចាកចេញពីប្រទេសកំណើតទៅរស់នៅឯសហរដ្ឋអាមេរិក។

មុននេះបន្តិចយើងទទួលដំណឹងមកថាអ្នកស្រី ម៉ុក ចាន់មាលី បានទទួលអនិច្ចកម្មហើយ។ ដោយយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា ហង្ស សុខនា បានរៀបរាប់ឲ្យដឹងថា៖ «ដំណឹងមរណភាព! ក្រុមគ្រួសារនាងខ្ញំុទាំងអស់​​ មានទុក្ខជាទំងន់​ ដែលអ្នកស្រី ម៉ុក​ ចាន់មាលី​​ (អតីតអ្នកនិពន្ធទំនុកច្រៀង​សម័យដើម) ដែលត្រូវជាបងប្អូន ម្តាយ ម្តាយក្មេក ជីដូន ​បានទទួលមរណភាពក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង ៥ និង៣០នាទី ល្ងាចនេះ ត្រូវជាថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩​ នៅសហរដ្ធអាមេរិក។សេចក្តីដូចបានរៀបរាប់ខាងលើ ចាត់ទុកជាការជូនដំណឹងដល់សាច់ញាតិ​ និងញាតិមិត្តបងប្អូនជិតឆ្ងាយទាំងអស់មេត្តាជ្រាបជាដំណឹង។ សំរាប់ពិធីបុណ្យសព នាងខ្ញុំនឹងជំរាបជូនដំណឹងពេលក្រោយ»។

គួររំលឹកឲ្យដឹងពីជីវប្រវត្តិរបស់អ្នកស្រី ម៉ុក ចាន់មាលី ឲ្យដឹងដែរថា អ្នកស្រី ម៉ុក ចាន់មាលី កើតនៅក្នុងគ្រួសារគ្រូបង្រៀនមួយ ភូមិ ផ្សារលើ ឃុំកំពង់ឆ្នាំង ស្រុករលៀប្អៀរ ខេត្ដ កំពង់ឆ្នាំង ជាកូនទី៣ ក្នុងចំណោមបងប្អូនចំនួន១០នាក់ (ប្រុស៥ ស្រី៥ )។ ក្នុងឆ្នាំ ១៩៦៨ អ្នកស្រីជាសិល្បករផ្នែកល្ខោននិយាយនៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈ។ ក្នុងឆ្នាំ១៩៧០ អ្នកស្រីបានរៀបការជាមួយលោក យិន ឌីកាន ជាអ្នកនិពន្ធ និងតារាចម្រៀងដោយលោកបាននិពន្ធបទ “មាលីដួងជីវិតបង” ដើម្បីចែចង់អ្នកស្រី ម៉ុក ចាន់មាលី។ ដោយរៀបការជាមួយប្តីជាអ្នកនិពន្ធ និងតារាចម្រៀង អ្នកស្រីបានអភិវឌ្ឍន៍ខ្លួនមកសរសេរទំនុកច្រៀង ដោយចម្រៀងដំបូងបង្អស់ដែលអ្នកស្រីនិពន្ធគឺបទ “សងឈាមជួសបង”។ ស្នាដៃនិពន្ធចម្រៀងល្បីៗរបស់អ្នកស្រី ម៉ុក ចាន់មាលី មានដូចជាបទ៖ អនុស្សាវរីយ៍ស្ទឹងស្រះអង្កាម, សួររកប្រាក់ខែ, អនុស្សាវរីយ៍ភ្នំក្រាំងដីមាស, សងឈាមជួសបង, ញញឹម! ញញឹម, ស្នេហ៍បាត់សម្រស់, បងចេះតែទ្វីស, កម្លោះឡានក្រហម, ស្នេហ៍ក្រោមម្លប់ជ្រៃ, ខ្ញុំមិនសុខចិត្តទេ, ឮគេថាបងមក,​ ក្អែកហើរកាត់ស្ទឹង, កញ្ញា Jerk, សារ៉ាវ៉ាន់ឆ្នាំថ្មី, ស្មាលាអវិចីស្នេហ៍ និងបទជាច្រើនបទទៀត៕