កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប រៀបចំធ្វើកម្មពិធីជួបសំណេះសំណាល និងភ្លក់រសជាតិស្នាដៃចំអិនម្ហូបអាហារសាច់ជ្រូក និងពងទា ដែលស្នាដៃចំអិនម្ហូបផ្ទាល់របស់លោកជំទាវ ម៉ែន ស៊ុន ឧត្តមភរិយារបស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ កម្មវិធីទទួលទានអាហារថ្ងៃត្រង់នេះផងដែរ ប្រព្រឹត្តិធ្វើឡើងនៅតំបន់ធម្មជាតិសែនមនោរម្យមានសួនសត្វ មានចំការធម្មជាតិ និងទីកន្លែងកំសាន្តជាច្រើនទៀតស្ថិតនៅជាប់ជើងភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋចូលរួមទទួលទានដោយ ឥតគិតថ្លៃ។

ដោយ លោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ចាប់ពីម៉ោង​៨ព្រឹក​រហូត​ដល់ម៉ោង​១រសៀល​ថ្ងៃ​សៅរ៍​ ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ ដូចកាលកំណត់​ភ្ញៀវ​ជិតឆ្ងា​យ​ អ្នកក្រ​ អ្នក​មធ្យម​ អ្នកមាន​​បាន​មកជួប​ជុំគ្នា​គ្នា​ ប្រមាណ​ជាជាង​មួយពាន់​នាក់​មូល​មតិ​គ្នា​ជាឯក​ឆាន់​ មកហូប​ជ្រូក​ខ្វៃ​ចំនួន​ ២២ក្បាល​ សម្លការី​ប្រាំក្បាល​ សាច់ជ្រូក​អាំង​ប្រាំក្បាល​ សាច់ជ្រូក​ក្រណួច​ ៦០០ក្រណួច​ និង​ពងទាចំនួន​ ៥០០០ពង​ នំប៉័ង​ចំនួន​ ១៥០០នំ​ ដោយឥតគិតថ្លៃ​ Free ត្រូវ​បាន​បញ្ចប់​ដោយ​ទឹកមុខ​ញញឹម​រីករាយ​ រាក់ទាក់​ ​ស្និទ្ធស្នាល​ យ៉ាង​ក្រៃលែង​ រូប​ខ្ញុំ​និង​ភរិយា​ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ភ្ញៀវ​ទាំង​អស់​ដែលបានមកចូលរួម​ ក្នុង​កម្មវិធី​ពិសារ​​ដោយឥតគិតថ្លៃ​នេះ​”។ គួររំលឹកថាមួយរយៈនេះគឺមានការរៀបចំធ្វើពិធីបរិភោគសាច់ជ្រូក ស្ទើរតែទូទាំងប្រទេសដើម្បីធ្វើការផ្សព្វផ្សាយថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ ហើយក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋនាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ ហើយសាច់ជ្រូកដែលបានដាក់លក់នៅលើទីផ្សារក៏មានការពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត៕