កាលពីពេលថ្មីៗនេះលោកឧកញ៉ា លី សេងឃាង ព្រមទាំងលោកជំទាវ បានរៀបចំធ្វើពិធីចេញម្លប់ឲ្យកូនស្រី មានឈ្មោះ លី ជាសុីងវិចតូរៀ ហើយក៏ជាពិធីខួបកំណើតគំរប់អាយុ១៥ឆ្នាំ ដោយលោកឧកញ៉ា បានរៀបចំកម្មវិធីយ៉ាងអធិកអធម នៅឯសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា អ្វីដែលគួរឲ្យកោតសរសើរទៀតនោះ ថវិកាទាំងអស់ ដែលទទួលបានពីការចូលរួមរបស់ភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីខួបកំណើត និងចេញម្លប់នេះ ក៏នឹងត្រូវបរិច្ឆាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ជាក់ស្តែងណាស់នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី ព្រមទាំងកូនស្រីបាននាំយកថវិកាចំនួន ៤១ ៨៩០ (សែសិបមួយពាន់ ប្រាំបីរយកៅសិប) ដុល្លារអាមេរិក និង ១ ០០០ (មួយពាន់) ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០ ០០០ (ពីររយប៉ែតសិបពាន់) រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកាបរិច្ចាគនេះ បានមកពីចំណងដៃក្នុងថ្ងៃចេញម្លប់គ្រប់១៥ឆ្នាំរបស់កញ្ញា លី ជាស៊ីងវិចតូរៀ ដែលត្រូវជាកូនស្រីច្បងរបស់លោកលោកឧកញ៉ា និងលោកជំទាវ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះទង្វើសប្បុរសធម៌ដែលគួរឱ្យសរសើរ និងយកជាគំរូក្នុងការផ្ដួចផ្ដើមយកចំណងដៃទាំងអស់ដែលទទួលបានពីភ្ញៀវកិត្តិយសក្នុងថ្ងៃខួបកំណើតមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ យ៉ាងណាមិញសូមឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈមធ្យោបាយដែលងាយស្រួលជាច្រើន និងដោយមិនគិតថ្លៃសេវាដូចមានរៀបរាប់ខាងក្រោម៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា
រូបភាព៖ មូលនិធិគន្ធបុប្ផាកម្ពុជា /Bong Joy