ក្រុងព្រះសីហនុ៖ យោងតាមការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ពុយ គា ដែលជា​អ្នក​កាសែត​អាជីព​ម្នាក់មាន​ឈ្មោះ​បោះ​សំឡេងក្នុង​ពិភព​អ្នក​កាសែត បានឲ្យដឹងថា ការយកដំរីជល់ជាមួយតោរាប់ទសវត្សរ៍មកហើយពុំមាននរណាម្នាក់ហ៊ានសង់សំណង់ ឬបើកហាងលក់ដូរនៅលើដីច្រមះុជ្រូកដ៏ធំមួយនៅទល់មុខតោពីរកណ្តាលក្រុងព្រះសីហនុឡើយ ព្រោះអ្នករស៊ីមានជំនឿថា ជំនួញរបស់គេអាចនឹងត្រូវវិនាស ឬខាតឡុងចុង ព្រោះរូបសំណាកតោពីរសំឡឹងចំពីមុខនឹងធ្វើឱ្យហុងស៊ុយធ្លាក់

ប៉ុន្តែដោយសារដីនៅក្រុងព្រះសីហនុឡើងថ្លៃហួសពីការស្មាន និងពិបាករកកន្លែងល្អៗបានតទៅទៀត ក្រុមហ៊ុនចិនក៏ជំនះកសាងអគារដ៏ធំមួយ តែរកមធ្យោបាយការពារ ដោយសង់រូបសំណាកដំរីចំនួន៥ ដើម្បីទប់ទល់មហិទ្ធិរិទ្ធដ៏ខ្លាំងខ្លារបស់តោទាំងពីរ។ យោងតាមឯកសារសត្វ សត្វដំរីអាចសំលាប់តោបាន ហើយដំរីមួយអាចទប់ទល់ជាមួយតោញីចំនួន៧ ឬតោឈ្មោលពីរទើបអាចសំលាប់សត្វដំរីមួយបាន។

មានរឿងដំណាលជាច្រើនស្តីពីចៅហ្វាយខេត្តព្រះសីហនុ ដែលខ្លាចតោស៊ីឱ្យធ្លាក់ពីដំណែង។ នៅពេលមួយនោះមានចៅហ្វាយខេត្តមួយរូបដាច់ចិត្តទៅអញ្ជើញគ្រូទាយមកពីហុងកុង ដើម្បីរកវិធីទប់ដំណែងគាត់។ គ្រូហុងស៊ុយនោះបានឱ្យឳវាទថា ត្រូវតែដាក់គ្រាប់ឃ្លីចូលក្នុងមាត់តោដើម្បីកុំឱ្យខាំបាន។ កាលដើមឡើយរូបសំណាកតោហាមាត់ពុំមានគ្រាប់ឃ្លីនៅខាងក្នុងឡើយ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអង្កេតមួយរបស់ខ្ញុំតែប៉ុណ្ណោះ រីឯជំនឿជារឿងរបស់បុគ្គល ព្រោះអ្នកមានគេមិនជឿលើជំនឿអរូបីយ៍ណា ដែលគ្មានហេតុផលច្បាស់លាស់នោះទេ ឧទាហរណ៍៖ ក្នុងនោះក៏មានអ្នកសង់ផ្ទះចំផ្លូវដែលបុកចំពីមុខដែរ ហើយធ្វើឱ្យគេកាន់តែមានជាងមុន ….៕