តាមរយៈការរាយការណ៍ព័ត៌មានពីសំណាក់លោកពូ ហ៊ុយ ប៊ុនឡេង អ្នកយកព័ត៌មានប្រចាំស្ថានីទូរទស្សន៍ PNN នៅទឹកដីខេត្តព្រះសីហនុ បានអោយដឹងថា នារសៀលថ្ងៃទី១១ ខែសីហា នេះមានប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើមួយក្បាលទំងន់ប្រមាណជាង៥គីឡូក្រាម បានហែលឡើងមកដល់ដីអ្នកភូមិបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងថាជាក្រពើដែលគេចិញ្ចឹងរឺយ៉ាងណានោះទេ។ ចំពោះករណីនេះដែរ ប្រជាពលរដ្ឋក៏បានចាប់ក្រពើនោះទុក និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផងដែរ ហើយក៏មានការក្រើនរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ប្រជាពលរដ្ឋផងដែរ ខណៈដែលទឹកកំពង់តែជន់លិចនៅក្រុងព្រះសីហនុ។ លោកពូ ហ៊ុយ ប៊ុនឡេង បានរៀបរាប់ថា៖

“ក្រុងព្រះសីហនុ-ពលរដ្ឋជូនដំណឹងមកថា នៅសេតេ ក្នុងក្រុម១ ភូមិ១ សង្កាត់៣ក្រុងព្រះសីហនុ មានសត្វក្រពេីមួយក្បាល(មិនដឹងថាជាក្រពើមានអ្នកចិញ្ចឹមឬយ៉ាងណានោះទេ) បានឡេីងតាមទឹកអូរមកលើដីភូមិ រួចត្រូវបានប្រជាពលរដ្ឋចាប់យករក្សាទុកជាបណ្តោះអាសន្ន ។ បើតាមការសាកសួរតាមទូរសព្ទ័នៅល្ងាចថ្ងៃ១១សីហា២០១៩នេះពលរដ្ឋដែលចាប់ក្រពើនេះទុកអោយដឹងថា ក្រពើនេះមានទម្ងន់ប្រហែលជាង 5kg ហើយដំណឹងនេះពលរដ្ឋជូនជ្រាបដល់មន្ត្រីជំនាញចុះមកពិនិត្យ ដោយទាក់ទងតាមទូរសព្ទ័លេខ 069 728 486 ។ ទាក់ទងដល់ដំណឹងនេះ លោកនេន ចំរើនប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ប្រាប់តាមទូរសព្ទ័មកដែរថា លោកនឹងអោយមន្ត្រីជំនាញចុះទៅពិនិត្យ។”