ក្រោយពីឆ្លងកាត់ការជម្រុះនូវវគ្គ Judge Audition និង វគ្គ​ BootCamp រួចមក គណៈកម្មការឆ្នើមទាំង៤បានចម្រាញ់យកនូវបេក្ខជន៤៨នាក់ មកប្រកួតតទល់គ្នាក្នុងវគ្គ​ The Six Chairs Challenge ដោយត្រូវបេក្ខជនទាំង៤៨នាក់ជា ៤ក្រុម មានដូចជា THE GIRLS , THE OVER , THE BOYS និង THE GROUP។ ក្នុងនោះគណៈកម្មការលោក ខេមរៈ សិរីមន្ត បានធ្វើការគ្រប់គ្រងក្រុម THE GROUP ដែលប្រជុំដោយបេក្ខជនបេក្ខនារីមកប្រកួតបញ្ចេញសមត្ថភាពជាក្រុម។

ក្រុមដំបូងគេដែលចូលខ្លួនមកដណ្តើមកៅអី១ ក្នុងចំណោម៦នោះគឺ ក្រុម One Dream ដោយពួកគេបានបកស្រាយនូវបទ “បើមិនស្រលាញ់អាណិតធ្វើអី” ដែលជាសំនៀងដើមរបស់លោក ខាន់ ជែមស៍។ កាលពីវគ្គមុនៗក្រុមមួយនេះហាក់នៅមានចំណុចខ្វះខាតច្រើន ដោយឡែកមកដល់វគ្គនេះ ពួកគេហាក់អភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ ដោយពួកគេធ្វើបានយ៉ាងល្អក្នុងវគ្គ The Six Chairs Challenge រហូតទទួលបានការកោតសរសើរពីគណៈកម្មការ៣នាក់ផ្សេងទៀតនោះគឺ ឱក សុគន្ធកញ្ញា, ណុប បាយ៉ារិទ្ធ និង សុខ សីឡាលីន។ មិនខុសគ្នាពីគណៈកម្មការទាំង៣ អ្នកគ្រប់គ្រងពួកគេផ្ទាល់គឺគណៈកម្មការ ខេមរៈ សិរីមន្ត ក៏ពេញចិត្តខ្លាំង រហូតផ្តល់កៅអីមួយទៅឲ្យពួកគេ។ តែមិនប្រាកដថាពួកគេទទួលបានសុវត្ថិភាពនៅឡើយទេ ពួកគេអាចនឹងត្រូវបាត់បង់កៅអីមួយនេះប្រសិនបើបេក្ខជន ១១ក្រុមផ្សេងទៀតធ្វើបានល្អ និងមានសមត្ថភាពលើសពីពួកគេ ដូចនេះរង់ចាំតាមដានទាំងអស់គ្នា៖