ក្រោយពីឆ្លងកាត់ការជម្រុះនូវវគ្គ Judge Audition និង វគ្គ​ BootCamp រួចមក គណៈកម្មការឆ្នើមទាំង៤បានចម្រាញ់យកនូវបេក្ខជន៤៨នាក់ មកប្រកួតតទល់គ្នាក្នុងវគ្គ​ The Six Chairs Challenge ដោយត្រូវបេក្ខជនទាំង៤៨នាក់ជា ៤ក្រុម មានដូចជា THE GIRLS , THE OVER , THE BOYS និង THE GROUP។ ក្នុងនោះគណៈកម្មការលោក ខេមរៈ សិរីមន្ត បានធ្វើការគ្រប់គ្រងក្រុម THE GROUP ដែលប្រជុំដោយបេក្ខជនបេក្ខនារីមកប្រកួតបញ្ចេញសមត្ថភាពជាក្រុម។

ជាច្រើនក្រុមមកហើយបានបញ្ចេញសមត្ថភាពដើម្បីដណ្តើមកៅអីមួយពីគណៈកម្មការ ខេមរៈ សិរីមន្ត ដើម្បីត្រៀមខ្លួនទៅវគ្គបន្ត ក្រុម Top Band ក៏មិនខុសគ្នាពីបេក្ខជនដទៃនោះដែរ ដោយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមកៅអីមួយក្នុងចំណោមបេក្ខជនទាំង៦។ ទីបំផុតពួកគេក៏ធ្វើបានពិតមែន ដោយការបញ្ចេញសមត្ថភាពក្នុងបទ “មានហេតុអ្វីខ្លះឲ្យអូនស្អប់បង” បានធ្វើឲ្យ Top Band អាចដណ្តើមតំណែងកៅអីលេខ៣ ដោយជម្រុះក្រុម The SPY ចេញពីកម្មវិធី។ តោះមកមើលការបង្ហាញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖