កោះកុង៖ កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១​ទូទាំងប្រទេស ជាមន្ទីរពេទ្យកំរិត២( CPA2) ដែលផ្តល់សេវាសាធារណៈគំរូល្អ​ក្នុងវិស័យសុខាភិបាល។ ដោយខាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថាថា លទ្ធផលដ៏ត្រចះត្រចង់នេះគឺជាកិត្តិយសដ៏ធំមួយរបស់មន្ទីរពេទ្យខេត្តកោះកុងផ្ទាល់ មន្ទីរសុខាភិបាល ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តកោះកុង និងសំរាប់ខេត្តកោះកុងទាំងមូល។

ហើយនៅព្រឹកថ្ងៃពុធ​ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានប្រគល់ពាន់រង្វាន់វិញ្ញាបនបត្រ​ ជូន​មន្ទីរពេទ្យ​ខេត្ត​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្រែ​អំបិល​ និង​វិទ្យាល័យ​កោះស្តេច និងមានពិធីដង្ហែទៀតផង។

គួរបញ្ជាក់ថាមុននឹងមន្ទីរពេទ្យឈានដល់ដំណាក់ កាលនៃការប្រកាសទទួលស្គាល់ជាជ័យលាភីឯកជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនេះដែរ គឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីក្រោមឱវាទទាំងអស់បានខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ដោយដៃម្ខាងបំរើប្រជាពលរដ្ឋ អ្នកជំងឺ ដៃម្ខាងចូលរួមរៀបចំ កែលំអរ ហេដ្ឋារចនាសម្ព័នការងារ អនាម័យ និងកាងារជាច្រើនទៀត…។ល។ ដើម្បីអភិវឌ្ឍអង្គភាពនេះឲ្យកាន់តែល្អប្រសើរ និងត្រូវឆ្លងកាត់ការចូលរួមវាយតំលៃយ៉ាងសុក្រិត យុត្តិធម៌ ពីអន្តរក្រសួង ជាច្រើនដំំណាក់កាល ។ក្នុងនោះក៏សូមចូលរួមអបអរមន្ទីរពេទ្យបង្អែកស្រែអំបិលជាប់ចំណាត់ថ្នាក់លេខ៦ទូទាំងប្រទេសក្នុងចំណោមមន្ទីរពទ្យកំរិត១(CPA1)ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នងវិស័យសុខាភិបាលប្រចាំឆ្នាំ២០១៩៕ រូបថត៖ ពីផេកលោកជំទាវ មិថុនា ភូថង